សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួប ១០០ឆ្នាំ នៃវត្តមានសាសនាគ្រិស្តនៅកម្ពុជា ជាមួយគ្រឹស្តបរិស័ទជាង១៥០០០នាក់។
សម្តេច តេជោ បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រិស្ដ បើទោះបីនិកាយខុសគ្នាយ៉ាងណាក្ដី តែត្រូវសាមគ្គីភាពផ្ទៃក្នុង និងជាមួយសាសនាដទៃ ដោយឈរលើគោលការណ៍សុខដុមនីយកម្ម។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងជាមួយការរើសអើងនានា ហើយពិតជាមិនចង់ឲ្យទឹកដីមួយនេះញាំញី ទៅដោយជម្លោះសាសនានោះទេ ព្រោះថាការបែកបាក់ជាតិសាសន៍ និងសាសនា គឺជាមហន្ដរាយដ៏ធំមួយដែលមិនត្រូវឲ្យកើតមាននៅនោះឡើយ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជាប្រឆាំងជាមួយការរើសអើងនានា ព្រោះការបែកបាក់ជាតិសាសន៍ និងសាសនា គឺជាមហន្ដរាយដ៏ធំមួយ ដែលមិនត្រូវឲ្យគាត់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជានោះទេ។
ថ្នាក់ដឹកនាំគ្រិស្តបរិស័ទ និងគ្រិស្តបរិស័ទទាំងអស់ ត្រូវសហការសាមគ្គីគ្នា មានឯកភាពផ្ទៃក្នុងតែមួយ ក្នុងសហគមន៍គ្រឹស្ដបរិស័ទ មានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ និងអន្តរជាតិ ឈរលើគោលការណ៍សុខដុមបនីយកម្ម។
នៅលើពិភពលោកនេះ រាប់ទាំងកម្ពុជាខ្លួនសាសនាទាំងឡាយ តែមាននិកាយខុសៗគ្នា សូម្បីតែព្រះពុទ្ធសាសនា ក៏មានធម្មយុត្ត និងមហានិកាយ នៅក្នុងឥស្លាមក៏មានខាងនិកាយច្រើនខុសគ្នា ហើយនៅក្នុងគ្រិស្ដសាសនាដែលយើងកំពុងជួបជុំគ្នានៅទីនេះ ក៏មាននិកាយខុសៗគ្នា។
សម្ដេចតេជោ បានបញ្ជាក់ការខុសគ្នាខាងជាតិសាសន៍ និងសាសនាមិនមែនជាឧបសគ្គ នៃការកសាងប្រទេសនោះ។
ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា ពិធីអបអរសាទរ «មរតកដំណឹងល្អ១០០ឆ្នាំ» នាពេលនេះ ធ្វើឡើង ដើម្បីអរព្រះគុណព្រះយេស៊ូ ក្នុងជំនឿគ្រិស្តបរិស័ទ នៅលើទឹកដីកម្ពុជា ដ៏ស្រស់បំព្រង និងអរគុណសន្តិភាពក្រោមការដឹកនាំ ដ៏ឈ្លាសវៃប៉ិនប្រសព្វរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី។
ព្រឹត្តិការណ៍នេះ ជាការបង្ហាញយ៉ាងច្បាស់ អំពីសិទ្ធិ និងសេរីភាពពេញលេញរបស់ប្រជាពលរដ្ឋទូទៅ ក្នុងការគោរព និងប្រតិបត្តិជំនឿសាសនានៅកម្ពុជា ហើយរាល់ការធ្វើសកម្មភាព និងការប្រតិបត្តិខាងផ្លូវសាសនានីមួយៗ ត្រូវបានរដ្ឋធានាក្នុងលក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរថា គ្រិស្ដសាសនា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ប្រជាពលរដ្ឋទូទៅមានសិទ្ធិពេញទីខាងជំនឿសាសនា ដោយគ្មាននរណាម្នាក់ ត្រូវបានចាប់បង្ខំឱ្យជឿលើសាសនាណាមួយឡើយ៕






