សម្តេចតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នការខ្ចីថវិកាពីក្រៅប្រទេសប្រចាំឆ្នាំរបស់កម្ពុជា មានទំហំមិនស្មើនឹង២០ភាគរយនៃថវិកាជាតិសរុបនោះឡើយ។ នេះជាលទ្ធផលនៃការអនុវត្តកម្មវិធីកែទម្រង់ ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។
ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៣- ២០២៧ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បុព្វហេតុឯករាជ្យ និងអធិប តេយ្យជាតិ សមិទ្ធកម្មដ៏ល្អនៃកម្មវិធីកែទម្រង់ការគ្រប់ គ្រងហិរញ្ញវត្ថុសាធារណៈ បានពង្រឹងឱ្យកាន់តែមាំមួនឡើងនូវភាពជាម្ចាស់ និងតួនាទីរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទទួលខុសត្រូវលើជោគវាសនារបស់ប្រទេសជាតិ ដោយបានកាត់បន្ថយការពឹងពាក់លើការខ្ចីពីក្រៅប្រទេស។
សម្តេចតេជោបានរំឭកថា នៅក្នុងអតីតកាល៣០ឆ្នាំមុន ចំណូលក្នុងស្រុករបស់កម្ពុជាដែលរកបានដោយខ្លួនឯង មានត្រឹមប្រមាណ១ ភាគ៣នៃថវិកាជាតិសរុបតែប៉ុណ្ណោះ បានន័យថា តមូ្រវការប្រមាណ២ភាគ៣នៃថវិកាជាតិត្រូវបានដោះ ស្រាយដោយប្រភពធនធាន ជាជំនួយហិរញ្ញវត្ថុពីក្រៅប្រទេស។ នេះគឺជាលទ្ធផលជាក់ស្ដែងដែលកម្ពុជាសម្រេចបានស្របតាមគោលជំហរដឹកនាំ ដែលសម្តេចធ្លាប់បានប្រកាសជាសាធារណៈនាពេលកន្លងទៅ គឺ «កែទម្រង់-រស់ មិនកែទម្រង់-ស្លាប់»។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានដាក់តឿនដល់មន្ត្រីគ្រប់គ្នាថា ត្រូវប្រឹងប្រែង និងរៀនសូត្រពីការអនុវត្តនូវបណ្ដាបញ្ហាប្រឈម ដើម្បីបោះជំហានទៅដំណាក់កាលថ្មីបន្ថែមទៀត ជាមួយនឹងមហច្ចតាបែបប្រាកដនិយមដោយមិនបង្អង់រង់ចាំ។
ប្រការនេះមានន័យថា យើងត្រូវវាយតម្លៃឱ្យចំសកម្មភាពអាទិភាពដែលយើងត្រូវធ្វើជាបន្ទាន់ និងអាចធ្វើទៅបាន ដើម្បីអាចឆ្លើយតបឱ្យចំនឹងភាពចាំបាច់របស់ប្រជាពលរដ្ឋ ឱ្យសម្រេចបានលទ្ធផលកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់តាមការរំពឹងទុក ស្របពេលដែលយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់លើកត្តាបរិបទ និងកត្តាបរិស្ថានគ្របដណ្ដប់ជារួមផងដែរ ដើម្បីធានានូវការកាត់បន្ថយជាអវិជ្ជមានឱ្យបានក្នុងកម្រិតជាអតិបរមា៕