ថ្លែងក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនិង ពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនឥណ្ឌូនេស៊ីរាជធានីភ្នំពេញ, ថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសង្កត់ធ្ងន់ថា មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន។ ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល។ សម្តេចតេជោ មានប្រសាសន៏ថា ការលើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែជាអាទិភាពកំពូលរបស់យើង នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។ ជាសក្ខីភាពជាក់ស្តែងនៃស្មារតី «ភាពរួបរួមគ្នា» នៅក្នុងឆ្នាំនេះ យើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន នៅក្នុងតំបន់ ដែលនាំឱ្យយើងមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា សម្រាប់គ្រួសារ អាស៊ានរបស់យើង។សម្តេច តេជោ នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងពេញលេញថា សាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលក្លាយ ជាប្រធានអាស៊ានប្តូរវេនបន្ទាប់ទៅនេះ នឹងបន្តដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណង ចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន ។
សូមជម្រាបថាដែរ សម្តេចតេជោ នាយករដ្ឋន្ត្រី បានធ្វើការផ្ទេរភាពជាប្រធានអាស៊ាន និងប្រគល់ញញួរតំណាងជាប្រធាន ជូនឯកឧត្តមប្រធានាធិបតី ចូកូ វីដូដូ សាធារណៈរដ្ឋឥណ្ឌូនេស៊ីសម្រាប់ឆ្នាំ២០២៣។ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ក៏បានផ្តល់ជូន ឯកឧត្តម ដាតូ លីម ចុក ហយ នូវគ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ ពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។ មេដាយនេះ តំណាងឱ្យការទទួលស្គាល់ ឯកឧត្តម ដាតូ លីម ចុក ហយ អំពីភក្តីភាព និងការប្រឹងប្រែងឥតស្រាកស្រាន្ត ក្នុងដំណើរការកសាងសហ-គមន៍អាស៊ាន ក្នុងអំឡុងដែលឯកឧត្តមកាន់តួនាទីជាអគ្គលេខាធិការអាស៊ាន៕






