សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យតំបន់អាស៊ីសិក្សាអំពីមូលហេតុ ដែលធ្វើឱ្យវិស័យកីឡារបស់ខ្លួនទន់ខ្សោយ បើប្រៀប ធៀបទៅនឹងទ្វីបដទៃទៀត ជាពិសេសកីឡាបាល់ទាត់។ ក្រៅពីជំរុញឱ្យពង្រឹងសមត្ថភាពកីឡាអាស៊ី សម្តេចតេជោ ក៏បានជំរុញឱ្យពង្រឹងវិធានការក្រមសីលធម៌ក្នុងការប្រកួតកីឡា ចៀសវាងអំពើហិង្សាណាមួយកើតឡើង។
ថ្លែងក្នុងពិធីបើកមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ នាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសង្កេតឃើញថា វិស័យកីឡារបស់ទ្វីបអាស៊ី ដែលមានប្រជាជនច្រើនជាងគេ បែរជាទន់ខ្សោយផ្នែកកីឡា ជាពិសេសបាល់ទាត់ ដែលសូម្បីតែការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក៏អាស៊ីមិនបានឡើងទៅដល់។ សម្តេចតេជោ បានលើកឡើងថា ក្នុងតំបន់អាស៊ីគ្រាន់តែ ចិន និងឥណ្ឌា មានប្រជាជនជិត៣ពាន់លាននាក់ ហើយបូករួមទាំងអាស៊ានប្រមាណ៦០០នាក់ទៀត គឺអាស៊ីមានប្រជាជនច្រើនណាស់ ប៉ុន្តែ បើនិយាយពីបាល់ទាត់ សូម្បីតែវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក៏ពិបាកនឹងចូល។
សម្តេចតេជោ បានសង្កត់ធ្ងន់ថា ប្រទេសធំ ប្រជាជនច្រើន មិនប្រាកដ ថា វិស័យកីឡាខ្លាំងនោះទេ ហើយប្រទេសតូចប្រជាជនតិច ក៏មិនប្រាកដ ថា វិស័យកីឡា ខ្សោយនោះដែរ។ ក្រៅពីជំរុញឱ្យពង្រឹងសមត្ថភាពកីឡាអាស៊ី សម្តេចតេជោ ក៏បានជំរុញឱ្យពង្រឹងវិធានការក្រមសីលធម៌ក្នុងការប្រកួតកីឡា ដោយសារតែថ្មីមានសោកនាដកម្មកើតឡើងដូចជានៅប្រទេសឥណ្ឌូនេស៊ី ដែលបានបណ្តាល ឲ្យមនុស្ស១៧៤នាក់ បានបាត់បង់ជីវិត ដោយសារផ្ទុះអំពើហិង្សា ក្នុងការប្រកួតកីឡាបាល់ទាត់។
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើស្ថាប័នកីឡាតំបន់អាស៊ី ក៏ដូចជាក្រុមកីឡាក្នុងតំបន់ គ្រប់គ្រង និងគោរពឱ្យបានននូវក្រមសីលធម៌ក្នុងការប្រកួតឱ្យបានត្រឹមត្រូវ។
កាលពីថ្ងៃទី១ តុលា មានករណីក្រុមអ្នកគាំទ្របាល់ទាត់នៅឥណ្ឌូណេស៊ី រត់ចូលអុកឡុកក្នុងកីឡដ្ឋាន Kanjuruhan ក្រោយការប្រកួតរវាងក្រុម Arema FC និង Persebaya Surabaya បានបញ្ចប់ ដែលនាំឱ្យក្រុមអាជ្ញាធរ ចេញវិធានការបង្ក្រាប រហូតដល់មានអ្នករត់ជាន់គ្នាស្លាប់ជាង១៧៤នាក់ និងរបួសជាង១០០នាក់៕






