នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញចែកស្រូវពូជ និងស្បៀង អាហារជូនប្រជាកសិករ ៣,៤៦០គ្រួសារ ដែលរងគ្រោះដោយទឹក ជំនន់។
គ្រួសារនីមួយៗទទួលបានស្រូវពូជទម្ងន់ ១០០ គីឡូក្រាម ព្រមទាំងស្បៀងអាហារ និងថវិកាមួយចំនួនផងដែរ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា គ្រោះទឹកជំនន់ពីទន្លេ បណ្ដាលឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាជ ន មានចំនួន៥ស្រុក រួមមានស្រុកបរិបូណ៌ ស្រុកជលគីរី ស្រុកកំពង់លែង ស្រុកកំពង់ ត្រឡាច និងស្រុករលាប្អៀរ។
ប៉ះពាល់ប្រជាកសិករចំនួន ៣,៤៦០គ្រួសារ បង្កឱ្យខូចខាតដំណាំស្រូវលើផ្ទៃដីសរុបចំនួន ២,៦១០ហិកតា ស្មើនឹង ១.៨០% នៃផ្ទៃដីដាំដុះដំណាំស្រូវសរុបទូទាំងខេត្ត។
តែទោះយ៉ាងណា ផ្ទៃដីខូចខាតទាំងនោះអាចស្តារឡើងវិញបានទាំងអស់។
ទឹកជំនន់នេះ បង្កឱ្យប៉ះពាល់លំនៅដ្ឋានប្រជាជនសរុបចំនួន ៦ក្រុង/ស្រុក ២៩ឃុំ សង្កាត់ ៩៧ភូមិ ស្មើនឹង ១១,៤៧៩គ្រួសារ ក្នុងនោះមាន ៧៩៤គ្រួសារ បានជម្លៀសទៅផ្ទះសាច់ញាតិ និងទីទួលសុវត្ថិភាព នៅក្នុងហេតុការណ៍នេះ មិនមានរងគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។
អភិបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឆ្លើយតបនឹងគ្រោះទឹកជន់លិចនេះ រដ្ឋបាលខេត្ត បានចាត់កម្លាំងប្រតិបត្តិការ និងអាជ្ញាធរមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋរងគ្រោះ ជាពិសេសផ្ដល់ស្បៀង អាហារ គ្រឿងឧបភោគបរិភោគ ជម្រក ទឹកស្អាត ថ្នាំសង្កូវ កម្លាំងប្រចាំការការពារសន្តិសុខ និងត្រៀមលក្ខណៈជាប់ជាប្រចាំ ក្នុងការបន្តចេញជួយ និងជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពដែលបានរៀបចំរួច។
ឯកឧត្តមអភិបាល ខេត្តបន្តថា វិធានការដែលខេត្តបានយកចិត្តទុកដាក់អនុវត្តកន្លង មក មានជាអាទិ៍ ការចុះអន្តរាគមន៍ ឆ្លើយតបជួយ សង្គ្រោះ អាយុជីវិតប្រជាពលរដ្ឋជម្លៀសទៅទីទួលសុវត្ថិភាព ផ្ដល់ស្បៀងអាហារ សម្ភារៈ បរិក្ខារ យកចិត្តទុកដាក់ចំពោះ សុខុមាលភាព ទឹកស្អាត អនាម័យ សន្តិសុខ។ល។
ក្នុងនោះ រដ្ឋបាលខេត្ត បានផ្ដល់អំណោយជាស្បៀងអាហារ ជាព្រះរាជអំណោយព្រះ មហាក្សត្រ និងជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជននានា ជូនប្រជាពលរដ្ឋរងគ្រោះបានចំនួន ៤,៥៨៤ គ្រួសារ៕






