ថ្លែងក្នុងពិធីបញ្ចុះបឋមសិសា កសាងសារមន្ទីរតម្កល់វត្ថុបុរាណ នៅវត្តរាជបូណ៍ ខេត្តសៀមរាបនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា “ព័ត៌មានក្លែងក្លាយកំពុងក្រឡុកនៅលើបណ្តាញសង្គម ដែលពេលខ្លះតម្រូវឲ្យសម្តេច ត្រូវចេញមុខដោះស្រាយបញ្ហាទាំងនេះដោយខ្លួនឯង និងឱ្យបានលឿន។
ព័ត៌មានក្លែងក្លាយទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋភ័យព្រួយបារម្ភ ហើយបណ្តាលឱ្យអសកម្មនូវសណ្តាប់ធ្នាប់ និងអភិវឌ្ឍន៍សង្គម”។
សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៏ថា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តខុសវិជ្ជាជីវៈ និងក្រមសីលធម៌ បំផ្លាញដល់អ្នកសារ ព័ត៌មានដែលគេកំពុងគោរពយ៉ាងត្រឹមត្រូវ។ ការងារនេះបើរកឃើញ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណចោលទៅ និងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅ”។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា បងប្អូនអ្នកសារព័ត៌មានខ្លះដោយ សារតែផ្សាយលឿន ទើបផ្សាយខុស ហើយគាត់ផ្សាយកែតម្រូវ នោះមិនមែនជាបញ្ហានោះទេព្រោះគាត់ពុំមានចេតនា ប៉ុន្តែសារព័ត៌ មានមួយចំនួនមានចេតនាផ្សាយខុស ផ្សាយបំភ្លៃ និងមានចេតនាបង្កើតបញ្ហា និងបំផ្លាញសង្គម ហើយក្រុមសារព័ត៌មានទាំងនេះនឹងប្រឈមនឹងផ្លូវច្បាប់”។ ជាមួយគ្នានេះ សម្តេចធិបតី សូមស្វាគមន៍ចំពោះព័ត៌មានពិត ព្រោះនោះជាការរួមចំណែកដើម្បីយើងជួយដោះស្រាយបញ្ហាឱ្យបានទាន់ពេល តែព័ត៌មានក្លែងក្លាយ ព័ត៌មានបំភ្លៃដែលមានចេតនាបំផ្លាញ ដែលមិនគោរពក្រមសិលធម៌ និងវិជ្ជាជីវៈគឺមិនស្វាគមន៍នោះទេ នឹងត្រូវលុបអាជ្ញាបណ្ណ ព្រមទាំងប្រឈមផ្លូវច្បាប់”៕






