សាកលវិទ្យាល័យកម្ពុជា រសៀលថ្ងៃទី១៩ ខែតុលា បានប្រគល់មេដាយ និងលិខិតសរសើរជូនដល់ជ័យលាភីស្នាដៃគំនូរ គឺប្អូនប្រុស វណ្ណ បណ្ឌិត ជាសិស្សសាលាសិលាមាសនៃអង្គការក្តីសង្ឃឹមពិភពលោក ជ័យលាភីតំណាងប្រទេសកម្ពុជា។
សាកលវិទ្យាល័យកម្ពុជា (យូស៊ី) តែងតែរៀបចំកម្មវិធីមហោស្រពសិល្បៈគំនូរសិស្សានុសិស្សថ្នាក់មធ្យម សិក្សាកម្រិតថ្នាក់ជាតិ នៅកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងគោល បំណងដើម្បីជ្រើសរើសស្នាដៃគំនូរល្អឯក ចូលរួមក្នុងកម្មវិធីមហោស្រពសិល្បៈគំនូរសិស្សានុសិស្សថ្នាក់មធ្យមសិក្សាកម្រិតអន្តរជាតិដោយផ្ទាល់ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
សម្រាប់ឆ្នាំ២០២២នេះ បញ្ហាប្រឈមនៃការរីករាលដាលជំងឺកូវីត១៩ នៅបណ្តាប្រទេសមួយចំនួនមានលក្ខខណ្ឌ និងការប្រែប្រួលផ្សេងៗគ្នា ដូច្នេះគណ:កម្មការរៀបចំមហោស្រព បានសម្រេចរៀបចំកម្មវិធីមហោស្រពសិល្បៈគំនូរសិស្សានុ សិស្សថ្នាក់មធ្យមសិក្សាកម្រិតអន្តរជាតិលើកទី២៣ តាមអនឡាញកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ កន្លងមកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
បណ្ឌិត Haruhisha Handa ប្រធានមូលនិធិអន្តរជាតិ ដើម្បីសិល្បៈ និងវប្បធម៍ (IFAC) នៃទីក្រុងតូក្យូ ប្រទេសជប៉ុន និងជាអធិការបតីនៃសាកលវិទ្យាល័យកម្ពុជា និងគណៈកម្មការបានសម្រេចបញ្ជូនមេដាយ និងលិខិតសរសើរពីប្រទេសជប៉ុន ជូនមកសាកលវិទ្យាល័យកម្ពុជា ដើម្បីប្រគល់ជូនបេក្ខជនជ័យលាភី៕






