លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការស្តីពី យុវជន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រុមប្រតិបត្តសាខា មន្រ្តីអនុសាខា មន្រ្តីសាធារណៈការនិងដឺកជញ្ជូនខេត្ត យុវជនវិទ្យាល័យកំពង់ធំ យុវជនស ស យ ក និងកងកម្លាំងសមត្តកិច្ច ដែលមានអ្នករួមសរុបចំនួន៤០នាក់។ យុទ្ធនាការនេះរៀបចំឡើងក្នុងបរិវេណសួនច្បារដាវដែកកំពង់ស្វាយ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ និងមានសំណួរ-ចម្លើយ ដើម្បីដាស់ស្មារតីដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីសុវត្ថិភាពរបស់ខ្លួនផងដែរ និងមានរង្វន់លើកទឹកចិត្តទៀងផង។
លោកជំទាវ លំ គន្ធារី បានបន្តថា កាកបាទក្រហមកម្ពុជា តែងតែធ្វើយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នេះ ជារៀងរាល់ឆ្នាំ ព្រោះកាកបាទក្រហមកម្ពុជា ជាសមាជិកថ្នាក់ជាតិរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងដើម្បីឆ្លើយតបទៅនឹងផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២១-២០៣០ និងការអំពាវនាវរបស់រាជរដ្ឋាភិ បាលកម្ពុជា សូមឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាចូលរួមកាត់បន្ថយអត្រាស្លាប់ របួសធ្ងន់ និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជាតាមតែអាចធ្វើទៅបាន។ គ្រោះថ្នាក់ចរាចរណ៍ជាបញ្ហាប្រឈមចម្បងមួយ បានសំលាប់ប្រជាពលរដ្ឋខ្មែរជាច្រើនពាន់នាក់ក្នុង១ឆ្នាំៗ។ តាមរយៈរបាយការណ៍របស់អគ្គស្នងការនគរបាលចរាចរណ៍នៅក្នុងឆ្នាំ២០២៣ កន្លងទៅនេះបានបង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍មានកើនឡើង១១% បណ្តាលឱ្យមានមនុស្សស្លាប់ជិត ១.៦០០នាក់៕