ស្ថានទូតជប៉ុនប្រចាំកម្ពុជាកាលពីល្ងាចថ្ងៃទី២២ខែកុម្ភៈនេះ បានរៀបចំញព្រឹត្តិការណ៍ មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២៤ ដោយមានការចូលរួមពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងក្រសួង មន្ទីរ និងអ្នកពាក់ព័ន្ធជាច្រើនទៀត ក្រោមប្រធានបទ «ទំព័រថ្មី នៃ អនុស្សាវរីយ៍» ដើម្បីចូលរួមអបអរខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន ហៅកាត់ថា CJCC និងជាការបើកទំព័រថ្មីជាមួយគ្នាជាបន្តទៀត។
នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ លោក តានិណៃ អិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានថ្លែងថា ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសយើងទាំងពីរបានឈានដល់ «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» កាលពីឆ្នាំមុន។ក្នុងរយៈពេលប្រារព្ធខួបលើកទី៧០ កម្មវិធីនានាច្រើនជាង៧០ ដែលឆ្លុះ បញ្ចាំងពីមិត្តភាពជប៉ុន និងកម្ពុជា ត្រូវបានប្រារព្ធឡើងតែនៅក្នុងប្រទេសកម្ពុជា និងមានអ្នកចូលរួមជាច្រើន។ តាមរយៈកម្មវិធីទាំងនោះ បានបណ្តុះបន្ថែមនូវការយល់ដឹងពីគ្នាទៅវិញទៅមក ហើយជាលទ្ធផល មិត្តភាពនៃប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។
លោកបានបញ្ជាក់ថា CJCC បង្កើតដំបូងក្នុងឆ្នាំ២០០៤ ក្រោមការជួយគាំទ្រ ដោយរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមកម្មវិធីសម្ពោធនោះ ដោយបានបង្ហាញពីចំណាប់អារម្មណ៍ ការរំពឹងទុករបស់សម្តេចសម្រាប់ការអភិវឌ្ឍនៃ CJCC។ ជាង២០ឆ្នាំកន្លងមកនេះ CJCC បានពង្រីកនូវតួនាទីរបស់ខ្លួន ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង រវាងប្រជាជន នៃប្រទេសទាំងពីរ និងជាមជ្ឈមណ្ឌលសម្រាប់ការផ្លាស់ប្តូរធុរកិច្ច និងវប្បធម៌រវាងប្រទេសទាំងពីរ។ CJCCក៏បានរៀបចំវគ្គសិក្សាផ្ដោតលើធុរកិច្ច ភាសាជប៉ុន កម្មវិធីវប្បធម៌នានា និងសកម្មភាពជាច្រើនផ្សេងទៀត។ CJCC នឹងបន្តជានិមិត្តរូប នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ និងជាទីដែលប្រជាជនកម្ពុជានឹងបន្តមកទស្សនានិងប្រើប្រាស់ជារឿយៗ។
អញ្ជើគជាអធិបតីក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុជន និងកីឡា មានប្រសាសន៍ថា ការបើកមហោស្រពគីហ្សូណាជប៉ុន-កម្ពុជា២០២៤ ដើម្បីរក្សានូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរបស់យើងក្នុងចំណោមប្រជាជនរបស់យើង។ ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ចំពោះ “មហោ ស្រពគីហ្សូណា ជប៉ុន-កម្ពុជា” ព្រោះវារួមចំណែកយ៉ាងធំធេង ដល់ការសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងមិត្តភាពដ៏ល្អរបស់យើង។ ព្រឹត្តិការណ៍នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា និងជំរុញការផ្លាស់ប្តូររវាងប្រជាជនជប៉ុន និងកម្ពុជា ក្នុងវិស័យវប្បធម៌ និងអប់រំ ជាពិសេស។ ពីរទសវត្សរ៍នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមិនផ្លាស់ប្តូររវាងប្រទេសយើងទាំងពីរ បាននាំមកនូវការចងចាំដ៏ស្រស់ស្អាតរាប់មិនអស់ ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរបស់យើង។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យស្វែងយល់ពីការផ្តល់ជូនចម្រុះ នៃពិធីបុណ្យនេះ ដើម្បីចូលរួមក្នុងការសន្ទនាប្រកបដោយអត្ថន័យ និងបង្កើតទំនាក់ទំនងយូរអង្វែង ព្រមទាំងបានជំរុញឲ្យយើងបន្តធ្វើការជាមួយគ្នា ចាប់ដៃគ្នាដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនយើង និងភាពរីកចម្រើនរបស់ជាតិយើង៕ ដោយ៖ សំអាត និង ពិសិដ្ឋ






