ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់បានស្លាប់ក្រោយពេលបញ្ជូនយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងយុវជនម្នាក់ទៀត រួមដំណើរ បានរងរបួសធ្ងន់ធ្ងរ ដឹកយកទៅសង្គ្រោះផងដែល ដោយសារតែស្រវឹងស្រា បើកម៉ូតូលឿនពេក ជ្រុលទៅបុកឃឿនរង្វង់មូលរបងសាលាខេត្តដួល បោកក្បាលពេញទំហឹង កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ នៅខាងលិចរង្វង់មូលវិមានឯករាជក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ផ្កាឈូកពាក់ ស្លាកលេខ កំពង់ស្ពឺ1F0234 ជិះគ្នាពីរនាក់បេីកបរក្នុងទិសដៅពី ទិសខាងជេីង ទៅទិសខាងត្បូង កាត់តាមផ្លូវវិមានឯករាជ្យ ដោយបេីកបរក្នុងស្ថានភាពស្រវឹងស្រាផង មានល្បឿនលឿន ក៏បានជ្រុលចង្កូតទៅបុកឃឿនរបងសាលាខេត្តកំពង់ស្ពឺ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរយុវជនទាំង២នាក់។
នគរបាលជំនាញបន្តទៀតថា យុវជនរងគ្រោះទាំង២នាក់នោះ អ្នកបេីកបរម៉ូតូមានឈ្មោះ ផាន់ ឧត្ដម អាយុ២៦ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ធ្ងរ ហេីយបានស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ ចំណែកអ្នករួមដំណេីរមានឈ្មោះ បូ រ៉ាវី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ រស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់ធ្ងរ បោកក្បាលជាមួយនឹងឃឿនរបងសាលាខេត្ត កំពុងសំរាកព្យាបាលនៅឡើយ។
ចំណែកម៉ូតូយុវជនរងគ្រោះ រងការខូចខាតធ្ងន់ធ្ងរ នគរបាលជំនាញបានដឹកយកទៅរក្សាទុក នៅប៉ុស្ដិនគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ ដេីម្បីទុកប្រគល់ជូនគ្រួសារអ្នករងគ្រោះ។ ចំណែកសពយុវជនរងគ្រោះ ត្រូវបាននគរបាលប្រគល់អោយសាច់ញាតិ ក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីហើយ៕ អ៊ុ ណូន