តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន ហើយនៅព្រឹកថ្ងៃអង្គារ ១០ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Kamikawa Yoko រដ្ឋមន្ត្រីការបរទេសជប៉ុន។
ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-ជប៉ុន និងបានឯកភាពធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ស្របពេលឆ្នាំនេះជាខួបទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ជូនលោកជំទាវរដ្ឋមន្ត្រីការបរទេសជប៉ុន អំពីការបន្តគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូ ខាងមុខ នៅទីក្រុងតូក្យូ។






