ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម តិនហ្ស៊ិន ឡេកផែល អគ្គលេខាធិការនៃគំនិតផ្តួចផ្តើមឆ្នេរសមុទ្របេងហ្កាល់ សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ចពហុវិស័យ (BIMSTC) ដែលជាអង្គការតំបន់មួយបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ខណៈដែលគណៈប្រតិភូលេខាធិការដ្ឋាន BIMSTEC កំពុងធ្វើទស្សនកិច្ចសិក្សានៅលេខាធិការដ្ឋានអាស៊ាន ពីថ្ងៃទី ១០ ដល់ ១១ ខែមេសា ឆ្នាំ២០២៣។ ជំនួបនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។
នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានសំដែងការស្វាគមន៍គណៈប្រតិភូ BIMSTEC ដែលចាប់ អារម្មណ៍ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ជាមួយលេខាធិការដ្ឋានអាស៊ាន។ ឯកឧត្តម បានស្នើឱ្យ BIMSTEC ធ្វើការសិក្សាស្វែងយល់បន្ថែមអំពីយន្តការរបស់អាស៊ាន ក៏ដូចជារិះរកកិច្ចសហការរួមគ្នានៅពេលអនាគត៕






