ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ និងអភិបាលទីក្រុងបាងកក បានឯកភាពគ្នា ដោយបង្កើតក្រុមការងារបច្ចេក ទេសមួយ ដើម្បីរៀបចំផែនការរួមគ្នា អោយទីក្រុងទាំង២ មានការអភិវឌ្ឌរីកចម្រើន ពិសេសរួមគ្នាដោះស្រាយបញ្ហាសំរាម បញ្ហាចរាចរណ៍ និងបង្កើនវិស័យទេសចរណ៍នៃប្រទេសទាំង២អោយកាន់តែល្អប្រសើរថែមទៀត។ ការឯកភាពគ្នាបែបនេះបានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសមមួយ រវាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកក នៅល្ងាចថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្នាក់ក្រោមជាតិ មានទំនាក់ទំនងល្អជាមួយគ្នា ដើម្បីដោះ ស្រាយបញ្ហានៅជាប់ព្រំដែន ជាមួយប្រទេស ជិតខាង ក្នុងគោលបំណងបម្រើឲ្យបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងរស់នៅតាមបណ្ដោយបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ។ឯកឧត្តម ឆាត់ឆាត សិទ្ធីផាន់ អភិបាលក្រុងបាងកកនៅក្នុងឱកាសនោះ ក៏បានសម្ដែងនូវការកោតសរសើរផងដែរ ចំពោះ អាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំនូវកិច្ចប្រជុំ អភិបាលរាជាធានី និងរដ្ឋធានីអាស៊ាន MGMAC និងវេទិកា អភិបាលក្រុងអាស៊ាន AMF ទទួលបានជោគជ័យ និងបានទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩បានល្អប្រសើរផងដែរ។ លោកបន្តថា ក្នុងនាមជាប្រទេសជិតខាងភូមិផងរបង ជាមួយគ្នា ត្រូវទំនាក់ទំនងការងារជាមួយគ្នាឲ្យបានល្អ ដោយយើង និងបង្កើតជាក្រុមការងារមួយដើម្បី ទាក់ទងគ្នាធ្វើការ ជាមួយគ្នាឲ្យបានល្អពិសេសគឺការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរទីក្រុងទាំងពីរ ពាក់ព័ន្ធនឹងបញ្ហាប្រឈមសំរាមការកកស្ទះចរាចរណ៍ និងការជំរុញជើងហោះ ហើរ ត្រង់ពីភ្នំពេញទៅទីក្រុងបាងកកជាដើម។
ឯកឧត្តម ឆាត់ឆាត សិទ្ធីផាន់ បានបានអញ្ជើញ ឯកឧត្តម ឃួង ស្រេង ទៅទស្សនកិច្ចនៅទីក្រុងបាងកក ដើម្បីរួមគ្នាធ្វើការងារសម្រាប់ផលប្រយោជន៍នៃទីក្រុងទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត។ ពាក់ព័ន្ធនឹងការអញ្ជើញ អភិបាលរាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកកនោះ ឯកឧត្តម ឃួង ស្រេង បានឯកភាពជាមួយនឹងអភិបាលទីក្រុងបាងកក ដែលគ្រោងនឹងធ្វើដំណើរទៅបំពេញទស្សន កិច្ចនៅទីក្រុងអង្គរ នាពេលសមស្របណាមួយ៕
ដោយះ សំអាតនិងពិសិដ្ឋ





