លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប និង ឯកឧត្តម អ៉ឹង អៀង រដ្ឋលេខាធិការ នៃក្រសួងរ៉ែ និងថាមពល ជំរុញឲ្យស្ថានីយប្រេងឥន្ធនៈ និងឧស្ម័ននៅក្នុងខេត្តសៀមរាប រៀបចំប្រព័ន្ធសុវត្ថិភាពឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងពិធីផ្សព្វ ផ្សាយច្បាប់ស្ដីពីហានិភ័យស្ថានីយ និងសារាចរសុវត្ថិភាពស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ ដោយមានការចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងប្រតិភូអមដំណើររដ្ឋលេខាធិការ។
លោក ពិន ប្រាកដ អភិបាលរងខេត្ត បានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការអភិវឌ្ឍលើគ្រប់វិស័យ ជាក់ស្តែង វិស័យប្រេង កាតនៅកម្ពុជា ហើយលោក ក៏សង្ឃឹមថា និងមានការជឿជាក់យ៉ាងមុតមាំថា មន្ត្រីទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ពីវិស័យប្រេង កាត រួមមាន ច្បាប់ស្តីពី ការគ្រប់គ្រងប្រេងកាត និងផលិត ផលប្រេងកាត ការគ្រប់គ្រងហានិភ័យ នៃការធ្វើអាជីវ កម្មលើស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ បែបបទ និងនីតិវិធីនៃការដាក់ពាក្យស្នើសុំ សារាចរណ៏សុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេង និងឧស្ម័នឥន្ធនៈ និងប្រកាសស្តីពីនីតិវិធី នៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាព ស្ថានីយប្រេង និង ឧស្ម័នឥន្ធនៈ ដើម្បីជាការចូលរួមចំណែកក្នុងការអនុវត្តច្បាប់ និងការពារបាន នូវសុខ សុវត្ថិភាព លើអាជីវកម្មរបស់ខ្លួន ក៏ដូចជាសាធារណៈជនទូទៅ៕