ឯកឧត្តមជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើក៣ចំណុច ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ Rhona Smith អំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា៖
១. មូលដ្ឋាននៃការអនុវត្តច្បាប់៖ វាជាការចោទប្រកាន់ជ្រាំដែល និងដដែលៗ ដោយគ្មានមូលដ្ឋានមកលើវិធានការរបស់សមត្ថកិច្ច ថាគ្មានមូលដ្ឋានច្បាប់ ដែលតាមពិតសមត្ថកិច្ចមានមូលដ្ឋានផ្លូវច្បាប់រឹងមាំ និងច្បាស់លាស់ក្នុងដំណើរការនីតិវិធីតាមផ្លូវតុលាការលើជនជាប់ចោទ ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់ក្នុងការដាក់បន្ទុកតាមរយៈសក្ខីកម្ម និងភស្តុតាងនានា ជាច្រើនដែលសមត្ថកិច្ចបានបង្ហាញនាពេលកន្លងមក។ តែផ្ទុយទៅវិញ មានតែក្រុមជន ជាប់ចោទទាំងអស់នោះវិញទេ ដែលមិនមានភស្តុតាងនិងសក្ខីកម្មរឹងមាំក្នុងការដោះបន្ទុកតាមផ្លូវច្បាប់ ក្រៅតែពីការចោទប្រកាន់សមត្ថកិច្ចនិងតុលាការ ជួបជុំគ្នាតវ៉ា រត់គេចខ្លួន និងបដិសេធមិនចូលរួមក្នុងដំណើរការនីតិវិធីរបស់តុលាការនាពេលកន្លងមក ដែលទាំងនេះមិនមែនជាមធ្យោ បាយក្នុងការការពារខ្លូនតាមផ្លូវច្បាប់នោះទេ។
២. បទល្មើសដែលមានអ្នកពាក់ព័ន្ធច្រើន៖ វាជារឿងធម្មតានិងជាគោលការណ៍ច្បាប់ព្រហ្មទណ្ឌ សំណុំរឿងមួយចំនួនអាចមានអ្នកជាប់ពាក់ព័ន្ធច្រើនកាលណាវាជាសំណុំរឿងដែលមានអង្គការចាត់តាំងរៀបចំចាត់ចែងច្បាស់លាស់និងជាប្រព័ន្ធ ភាសាអង់គ្លេសហៅថា Organized crime ដែលតាមគោលការណ៍ច្បាប់ព្រហ្មទណ្ឌ ក្នុងសំណុំរឿងបែបនេះ អ្នកដែលជាប់ពាក់ព័ន្ធទាំងប៉ុន្មានត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដូចៗគ្នា។ ម្យ៉ាងវិញទៀត ការចេញដីកាជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក៏អាចស្ថិតក្នុងគោលដៅនៃការអនុវត្ថយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមតុលាការផងដែរ ក្នុងការពន្លឿដំណើរការនីតិវិធីរបស់តុលា ការ មិនមែនក្នុងគោលដៅធ្វើទុក្ខបុកម្នេញរឹតត្បិតសិទ្ធិសេរីភាពរបស់សកម្មជនយោបាយអ្វីនោះទេ។
៣. សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់៖ សទ្ធិទទួលបានយុត្តិធម៌និងការពារខ្លួនតាមផ្លូវច្បាប់ ត្រូវបានធានាយ៉ាងពេញលេញដល់ជនជាប់ចោទ តាមរយៈការផ្តល់មេធាវីការពារក្តីនៅសវនាការតាមការចាត់តាំងឬការជ្រើស រើសរបស់សមីខ្លួន ទោះបីពួកគេខ្លះមិនមានវត្តមានក្នុងស្រុកយ៉ាងណាក៏ដោយ។
ដូច្នេះ ពួកគេគួរតែចូលរួមក្នុងដំណើរការនីតិវិធីតុលាការដើម្បីការពារខ្លួនតាមផ្លូវច្បាប់ ជាជាងបដិសេ ធនិងគេចខ្លួន ហើយធ្វើការជួបជុំតវ៉ា ចោទប្រកាន់សមត្ថកិច្ចនិងតុលាការដោយគ្មានមូលដ្ឋាន ដែលទាំងនេះមិនមែនជាមធ្យោបាយតាមផ្លូវច្បាប់ក្នុងការការពារខ្លួនឱ្យរួចពីបទចោទនោះទេ៕






