សៀមរាប ៖ ដំឡូងដៃខ្លា ជាប្រភេទរុក្ខជាតិវល្លិ៍ ស្លឹកមានសណ្ឋានដូចស្លឹកម្លូរ និងមានមើមតូចធំទៅតាមប្រភេទពូជ។ ប្រភេទដំឡូងនេះជាដំណាំប្រពៃណីដែលអ្នកភូមិពាម ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលដាំតកូនតចៅច្រើនតំណ មកហើយ ជាលក្ខណៈគ្រួសារផងនិងសម្រាប់លក់ដូរផង។
ដោយចង់រក្សាទុកអត្តសញ្ញាណដំណាំប្រពៃណីរបស់អ្នកអ្នកស្រុកក្នុងតំបន់អង្គរមួយនេះ គំរោងអាចា (ACHA) នៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយនឹងអង្គការ IDE បានផ្តល់នូវជំនួយបច្ចេកទេសដល់ប្រជាពលរដ្ឋ ក្នុងការដាំដុះរបស់ពួកគាត់ ។
ក្រុមអ្នកភូមិពាម និយាយថា ការដាំតាមលក្ខណៈបច្ចេកទេសថ្មី នឹងជួយឲ្យពួកគាត់ទទួលបានទិន្នផលខ្ពស់។ អ្នកស្រីផា សៅ ដែលកសិករម្នាក់នៅភូមិពាម មានប្រសាសន៍ថា គាត់ដាំដំឡូងដៃខ្លាតាមទម្លាប់បុរាណជាង២០ឆ្នាំមកហើយ ពោលគឺតពីម្តាយឪពុករបស់គាត់ ដំឡូងនេះមួយរដូវដាំបានតែម្តងទេ គឺចាប់ពីក្រោយចូលឆ្នាំហើយ (ខែពិសាខឬខែជេស្ឋ)។ ម៉្យាងទៀតដំណាំដំឡូងនេះ ងាយស្រួលដាំដុះមិនត្រូវការទឹកច្រើន មិនចំណាយទុនច្រើនឆាប់បានផល វាមិនទាមទារ កម្លាំងច្រើនក្នុងការថែទាំ ស្រីៗក៏អាចធ្វើបាននិងងាយស្រួលលក់លើទីផ្សារ។
ចំណែកអ្នកភូមិពាម ម្នាក់ទៀត គឺអ្នកស្រី ឡោម ពន់ បានរៀបរាប់ថា កាលពីពេលកន្លងទៅក្រុមអ្នកភូមិបានដាំដំឡូងដៃខ្លា តាមរបៀបបុរាណ ដោយត្រូវចំណាយកម្លាំង និងទុនច្រើន ប៉ុន្តែក្នុងឆ្នាំនេះការដាំតាមបច្ចេកទេស គឺងាយស្រួលជាង ចំណាយកម្លាំងតិច កាត់បន្ថយបង្គោលឈើបានច្រើន ចំណាយការទិញសម្ភារៈតិច ហើយសម្ភារៈមួយចំនួន ក៏មានការជួយ ឧបត្ថម្ភពីអង្គការនិងអាជ្ញាធរជាតិអប្សរាផងដែរ ដូចជាទ្រើង សំណាញ់ស្បៃ និងជី ហើយរបៀបដាំងាយៗ។ អ្នកស្រីបញ្ជាក់ថា ការនៅបន្តដាំដំណាំនេះដល់សព្វថ្ងៃ ព្រោះផលដំឡូងមានទីផ្សារ អាចលក់ដូរ និងបានលើកស្ទួយជីវភាព គ្រួសារកាន់តែល្អប្រសើរជាងមុន និងមិនបាច់នឿយហត់ក្នុងការដាំដុះ ហើយចង់រក្សាដំណាំពីម្តាយនេះឱ្យគង់វង្សផងដែរ។
លោក ឡាច វីយូរ៉ា បុគ្គលិកបច្ចេកទេសនៃគម្រោង ACHA ឱ្យដឹងថា នៅឃុំដូនកែវ ដំឡូងដៃខ្លាត្រូវបានប្រជាជនដាំតាំង ពីដូនតាមកហើយ។ ដូច្នេះ ដើម្បីលើកទឹកចិត្តដល់អ្នកភូមិឱ្យរក្សានូវដំណាំនេះបន្ត និងក្នុងន័យអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ហើយស្របតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរាផងនោះ យើងបានផ្តល់បច្ចេកទេសបន្ថែមក្នុងការដាំដំឡូងដល់ អ្នកភូមិ ដើម្បីឱ្យទិន្នផលបានប្រសើរជាងមុន។ លោកបន្តថា ការដាំតាមបច្ចេកទេស គឺងាយស្រួលជាង ចំណាយកម្លាំង និងថវិកាទិញសម្ភារៈតិចជាងដាំតាមទម្លាប់ ដោយគ្រាន់តែដុតសំរាមឬអង្កាមដាក់នៅកន្លែងរោងមុនដាំ រួចហើយកប់ដី ស្រោចទុកជាការស្រេច។
គួរបញ្ជាក់ដែរថា ដំឡូងនេះត្រូវការជាតិអំបិលច្រើន ដូច្នេះការដុតអង្កាម ហើយដាក់ជីកំបោរកសិកម្ម គឺល្អបំផុត ព្រោះវាជួយសម្លាប់មេរោគនិងដីមានជីវជាតិ ធ្វើឱ្យមើមចុះធំ។ លុះពេលវាធំល្មម ចាប់ផ្តើមពូនដីឱ្យខ្ពស់ពីរបីដង រហូតដល់៦ខែប្រមូលផលបាន៕ ជា ស្រស់











