ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល និងជាអនុប្រធានក្រុមប្រឹក្សាភិបាលមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័ន ទី៧ សៀមរាប (គន្ធបុប្ផាទី៣)។
អគារសម្ភពថ្មីនៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ បានសាងសង់បន្ថែមជាលើកទី២នេះ ដែលមានគ្រែសរុបចំនួន១២០ គ្រែ ក្នុងនោះមាន៤០គ្រែ សម្រាប់សង្គ្រោះបឋមទារកទើបកើត ដែលបានចាប់ផ្តើមការដ្ឋានសាងសង់នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ដើម្បីឆ្លើយតបតាមតម្រូវការសេវាជូនស្ត្រីមានផ្ទៃពោះ និងទារក ក្នុងការចូលរួមកាត់បន្ថយអត្រាមរណភាពមាតា ទារក ពេលសម្រាលក្នុងមន្ទីរពេទ្យ ជាពិសេសទទួលនូវអត្ថប្រយោជន៍សាច់ប្រាក់ឧបត្ថម្ភអំពីគោលនយោបាយសមធម៌ និងគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា។ អគារទាំង មូល ត្រូវបានសាងសង់ឡើងមានកម្ពស់៣ជាន់ និងមានក្រឡាផ្ទៃសរុបចំនួនប្រមាណ១៥០០ ម២ លើផ្ទៃដីសរុបរបស់មន្ទីរពេទ្យទាំងអស់ដែលមានក្រឡាផ្ទៃប្រមាណ ៥,៥ហិចតា ដែលចំណាយថវិកាសាងសង់អស់ប្រមាណ ២,៥លានដុល្លារអាមេរិក និងប្រមាណ៥០ម៉ឺនដុល្លារអាមេរិកសម្រាប់ការបំពាក់សម្ភារៈបរិក្ខារពេទ្យចាំបាច់ជាបន្ត បន្ទាប់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងផងដែរ «សមិទ្ធផលថ្ងៃនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យសុខាភិបាល ដែលជាមុំអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបន្តរក្សាបានសន្តិភាព ស្ថិរភាពនយោបាយនិងសេដ្ឋកិច្ច សន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម និងអភិវឌ្ឍន៍»។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹក នាំ និងមន្ត្រីរាជការនៃមន្ទីរពេទ្យ សូមបន្តថែរក្សាអគារ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ព្រមទាំងបន្តព្យាយាមរៀនសូត្រ និងអនុវត្តក្នុងប្រតិបត្តិការឱ្យបានត្រឹមត្រូវ ជាមួយអ្នកជំងឺ ជាពិសេសក្រុមគ្រូសារអ្នកជំងឺ ដោយក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តម បានស្នើឲ្យបន្តស្រាវ ជ្រាវ និងធ្វើនវានុវត្តន៍បច្ចេកវិទ្យាក្នុងវិស័យសុខាភិបាលបន្ថែមទៀត ដើម្បីជួយសម្រួល និងបង្កើនប្រសិទ្ធការងារបច្ចេកទេសបន្ថែមទៀត និងត្រូវបន្តចូលរួមបណ្តុះ បណ្តាលអ្នកជំនាញ និងនិស្សិត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណជូនចំពោះ មូលនិធិគន្ធបុប្ផាស្វីស រដ្ឋាភិបាលស្វីស សប្បុរសជនស្វីស និងសប្បុរសជនគ្រប់លំដាប់ថ្នាក់ កំពុងរស់នៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសទាំងអស់ ដែលបាននិងបន្តចូលរួមវិភាគទាន និងគាំទ្រដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា ដែលមានស្តង់ដារព្យាបាលខ្ពស់ ប្រកបដោយវិជ្ជាជីវៈ គុណភាព និងប្រសិទ្ធភាព ដោយឥតគិតថ្លៃ ដែលប្រជាជនកម្ពុជាទូទៅទទួលស្គាល់ និងជឿទុកចិត្ត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងកោតសរសើរដ៏ស្មោះ ចំពោះថ្នាក់ដឹកនាំ បុគ្គលិកទាំងអស់នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដែលបានខិតខំប្រឹងប្រែង យកចិត្តទុក ដាក់ ក្នុងការបម្រើសេវាសុខភាព ដោយឥតរើសអើងជូនដល់ប្រជាពលរដ្ឋ ពិសេសដល់កុមារកម្ពុជា៕






