តបតាមការអញ្ជើញរបស់ឯកឧត្តម Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ធ្វើទស្សនកិច្ចការងារនៅប្រទេសឡាវ ដើម្បីត្រៀមសម្រាប់ ការធ្វើជាប្រធានអាស៊ានរបស់ឡាវនៅឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃពុធ ២ រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍របស់ឡាវ និងជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC Council) នាពេលខាងមុខ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីអាទិភាពសំខាន់ៗ នៅក្រោមសសរស្តម្ភ ASCC នៅពេលឡាវធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន ចំពោះការធ្វើជាប្រធានអាស៊ានរបស់ឡាវ នៅក្រោមមូលបទ “ពង្រឹងការតភ្ជាប់ និងភាពធន់”។






