តមតាមការអញ្ជើញរបស់ ឯកឧត្តម Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅព្រឹកថ្ងៃចន្ទ ទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមអគ្គលេ ខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសឡាវ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃសមិទ្ធផលសំខាន់ៗ នៅក្រោមការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤ របស់ប្រទេសឡាវ ជាពិសេស ផ្តោតលើការសម្រេចបាននូវអាទិភាពសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណប្រទេសឡាវ សម្រាប់ការរៀបចំបានយ៉ាងល្អប្រសើរ និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ ហើយក៏បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដើម្បីជួយគាំទ្រកិច្ចប្រជុំទាំងនេះ ដើម្បីធានាបាននូវជោគជ័យដ៏ត្រចះត្រចង់។






