ឯ. ឧ . ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីបញ្ចប់ពិធីសម្ពោធអគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នេះថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងផ្តល់ប្រាក់អតីតភាពការងារទៅតាមដំណាក់កាលដល់បុគ្គលិកម្មករក្រុមហ៊ុនស៊ិនទ្រីហើយពួកគេនៅតែទទួលបានឱកាសការងារថ្មីដដែលនៅពេលក្រុមហ៊ុនចំនួន៣បើកប្រតិបត្តិការប្រមូលសំរាមនាពេលខាងមុខ។
បើតាមលោកឃួងស្រេងសាលារាជធានីភ្នំពេញនឹងបង្កើតឱ្យមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣តំបន់ដើម្បីធ្វើយ៉ាងណាឱ្យការប្រមូលសំរាមបានលឿនរហ័សបញ្ចៀសការកកស្ទះខណៈដែលក្រុមហ៊ុនទាំងអស់នោះនឹងយកកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី ដោយមានការជួយពីរដ្ឋបាលរាជធានីភ្នំពេញមកបម្រើការងារដដែល។
ឯ. ឧ. ឃួង ស្រេង ក៏អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់វេចខ្ចប់ទុកដាក់និងបញ្ចេញសំរាមរបស់ខ្លួនឱ្យបានត្រឹមត្រូវដើម្បីបញ្ចៀសការកកស្ទះសំរាមសំណល់រឹងខណៈរដ្ឋបាលរាជធានីភ្នំពេញកំពុងតែឱ្យអាជ្ញាធរខណ្ឌទាំង១៤ប្រមូលតាមបណ្ដាខណ្ឌរៀងៗខ្លួន។
សូមជម្រាបជូនថាក្នុងប៉ុន្មានថ្ងៃនេះ មានការកកស្ទះសំរាមដោយសារកម្មករក្រុមហ៊ុន ស៊ិនទ្រី បានធ្វើកូដកម្មទាមទារប្រាក់អតីតភាពដែលចំណុចនេះក្រសួង ការងារបានជម្រាបជូនថា ប្រាក់អតីតភាព ក្រសួងនឹងផ្តល់ជូនតាមដំណាក់កាលខណៈដែលកម្មករទាំងអស់នោះសុំបើកប្រាក់ផ្តាច់តែម្ដងហើយឈប់ធ្វើការ។
ការទាមទារបែបនេះដោយសារពួកគាត់យល់ថា នៅថ្ងៃអនាគតដ៏ខ្លីនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការដេញថ្លៃយកក្រុមហ៊ុនចំនួន ៣ផ្សេងទៀតមកប្រតិបត្តិការប្រមូលសំរាមហើយគាត់គិតថា គាត់នឹងមិនបានចូលធ្វើការងារបន្តនោះទេ។
ទោះជាយ៉ាងនេះក្តី ដើម្បីដោះស្រាយបញ្ហាចំពោះមុខនេះអាជ្ញាធររាជធានីភ្នំពេញបានបញ្ចេញរថយន្តប្រមូលសំរាមដែលទើបនឹងទិញថ្មីចំនួន៧០គ្រឿង រួមជាមួយ កម្លាំងសន្តិសុខ និងប្រជាការពាររាប់សិបនាក់ ដើម្បីចេញប្រតិបត្តិការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញផងដែរ៕





