នៅក្នុងសន្និសីទកាសែត នៅរសៀលថ្ងៃទី២១ មីនានេះ ឯ.ឧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អូស្មាន់ ហាស្សាន់ បានបញ្ជាក់ថា បងប្អូនខ្មែរ-អ៊ីស្លាម ចំនួន៧៩នាក់ និងអ្នកពាក់ព័ន្ធ រាប់ទាំងប្រពន្ធកូន ក្រុមគ្រួសារ និងអ្នកប្រាស្រ័យទាក់ទងផ្ទាល់ចំនួនជាង៣០០នាក់ ត្រូវបាននាំយកមកធ្វើតេស្តរួចរាល់អស់ហើយ។
មានតែ២៣ករណីប៉ុណ្ណោះ ក្នុងចំណោមបងប្អូនខ្មែរអ៊ីស្លាមចំនួន៧៩នាក់ ដែលបានទៅចូលរួមពិធីសាសនាដោយផ្ទាល់នៅម៉ាឡេស៊ី។
បើតាមក្រសួងសុខាភិបាល មកដល់ពេលនេះ មានភរិយាចំនួនពីរនាក់ នៅបាត់ដំបង និងអ្នកប្រាស្រ័យទាក់ទងម្នាក់នៅច្រាំងចំរេះ ត្រូវបានរកឃើញវិជ្ជមាន ដោយឆ្លងពីអ្នកដែលបានទៅចូលរួមសាសនានៅម៉ាឡេស៊ី។
ឯ.ឧ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជនជាតិខ្មែរអ៊ីស្លាម ដែលមានឆ្លងវីរុសថ្មីនេះ នៅមានសុខភាពល្អ គ្មានលក្ខណៈធ្ងន់ធ្ងរអ្វីនោះឡើយ។
ឯ.ឧ បានស្នើទៅក្រសួងសុខាភិបាលឲ្យធ្វើការពិនិត្យ និងធ្វើតេស្តចំនួនបីដំណាក់កាល គឺទី១. ធ្វើតេស្តលើសមាជិកក្រុមគ្រួសារផ្ទាល់ ទី២. អ្នកប្រាស្រ័យទាក់ទងដោយផ្ទាល់ និងទី៣. អ្នកប្រាស្រ័យទាក់ទងឆ្ងាយ ដើម្បីធានាទប់ស្កាត់ និងឆ្លងរីករាលដាលបន្ថែមទៀត។
ដើម្បីទប់ស្កាត់ការរីករាល ដាលវីរុសថ្មី សាសនាអ៊ីស្លាម បានធ្វើការលុបចោលកម្មវិធីសាសនាអ៊ីស្លាមដ៏ធំ ដែលនឹងមានសាសនិកអ៊ីស្លាមចំនួន៥ម៉ឺននាក់នៅខេត្តត្បូងឃ្មុំ។
ឯ.ឧ អូស្មាន ហាស្សាន់ ដែលជាមន្ត្រីជាន់ខ្ពស់ផ្នែកសាសនាអ៊ីស្លាម នៅកម្ពុជាក៏បានអំពាវនាវទាំងពលរដ្ឋទាំងអស់កុំមានការរើសអើងគ្នា និងកុំខ្លាចខ្មែរគ្នាឯង។ ឯ.ឧ ក៏បានអំពាវនាវឲ្យសាសនិកអ៊ីស្លាមទាំងអស់គោរពបូជា និងថ្វាយបង្គុំនៅតាមលំនៅដ្ឋានរៀងៗខ្លួន ចៀសវាងការជួបជុំថ្វាយបង្គុំនៅវិហារម៉ាស្ជឹតនានា នៅកម្ពុជា។
គិតត្រឹមល្ងាចថ្ងៃទី២១ មីនានេះ ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅកម្ពុជាមានចំនួន៥១នាក់ ក្នុងនោះ បុរសចំនួន៤៧នាក់ ស្ត្រី៤នាក់។
ក្នុងចំណោម៥១នាក់នោះ មានជនជាតិខ្មែរ៣១នាក់ ម៉ាឡេស៊ីចំនួន១២នាក់ ប៊ែលហ្ស៊ីកម្នាក់ បារាំងពីរនាក់ កាណាដាម្នាក់ អង់គ្លេសបីនាក់ និងជនជាតិចិនម្នាក់ ដែលបានជាសះស្បើយ៕






