ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី១៧ ខែតុលា បានដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងាររយៈពេល ៩ខែ ក្នុងឆ្នាំ ២០២២។
រយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ រថយន្តត្រួតពិនិត្យសរុបចំនួន ២ ៥៧៩ ២៦០គ្រឿង ក្នុងនោះរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់ក្នុងកម្រិតអនុគ្រោះមានចំនួន ៨៤៤ ៥៧៨គ្រឿង ស្មើនឹង ៣២.៧៤% នៃរថយន្តសរុប និងរថយន្តផ្ទុកលើសទម្ងន់ត្រូវបានពិន័យមានចំនួន ២ ៤៧០ គ្រឿង។
ក្នុងរយៈពេលបីត្រីមាសនេះ ក្រុមការងារ ក៏បានចុះផ្សព្វផ្សាយអំពីបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ ជាពិសេសចុះអប់រំដល់ម្ចាស់ដេប៉ូខ្សាច់ ឱ្យចូលរួមគោរពតាមបទដ្ឋានបច្ចកទេសស្ដីពីការដឹកជញ្ជូនដើម្បីបញ្ចៀសឲ្យបាននូវការដឹកលើសទម្ងន់ដែលនាំឲ្យខូចខាតផ្លូវថ្នល់ជាតិកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាសោភ័ណភាពទីក្រុង។
បន្ថែមពីនេះ គណៈកម្មា ធិការ បានដាក់ប្រើប្រាស់ជញ្ជីងឌីណាមិចចំនួន ៤ ស្ថានីយបន្ថែម និងការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធការពាររន្ទះនៅគ្រប់ស្ថានីយ ដើម្បីត្រួតពិនិត្យ និងតាមដានសកម្មភាពការងារ និងពង្រឹងការអនុវត្តការងារឱ្យបានគ្រប់ជ្រុងជ្រោយ។
ក្នុងទិសដៅការងារបន្ទាប់ គណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នឹងបន្តផ្សព្វផ្សាយបទដ្ឋានគតិយុត្តនៃការដឹកជញ្ជូនលើសទម្ងន់ជាពិសេសច្បាប់ផ្លូវថ្នល់មាត្រា៦០ ដល់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ និងសហការជាមួយភាគីពាក់ព័ន្ធដើម្បីទប់ស្កាត់បញ្ហាដឹកលើសទម្ងន់។
ទន្ទឹមនឹងនេះ គណៈកម្មាធិការ នឹងពង្រឹងការគ្រប់គ្រង និងការអនុវត្តការងារដូចជា ការសាងសងស្ថានីយថ្មី ការរុះរើ និងជួសជុលស្ថានីយ និងការតភ្ជាប់បណ្តាញបច្ចេកវិទ្យាពីគ្រប់ស្ថានីយជញ្ជីងអចល័តទាំងអស់ មកទីស្តីការក្រសួង៕






