ភ្នំពេញ)៖ កម្មករ និយោជិតក្នុងរាជធានីភ្នំពេញប្រមាណ ១៥.០០០នាក់ ត្រូវបានរៀបចំដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីតាមដានសុខភាពរកជំងឺកូវីដ១៩ បន្ទាប់ពីពួកគេត្រឡប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិនៅស្រុកកំណើតកាលពីសប្តាហ៍កន្លងទៅនេះ។
ក្នុងសន្និសីទព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩នៅកម្ពុជានាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯ.ឧ ម៉ម ប៊ុនហេង បានឱ្យដឹងថា ក្រសួងសុខាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាជ្ញាធរមូលដ្ឋាន បានសហការយ៉ាងតឹងរឹងរៀបចំដាក់កម្មករ និយោជិត ត្រឡប់មកពីស្រុកកំណើតឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាពរកជំងឺកូវីដ១៩។
សូមរំលឹកថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកាលពីសប្តាហ៍កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចមិនឱ្យមានការឈប់សម្រាកនោះឡើយ ពោលទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត និងបុគ្គលិកឯកជននៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានា នៅធ្វើការងារជាធម្មតា។
ការសម្រេចធ្វើបែបនេះ ដើម្បីកាត់បន្ថយការប្រមូលផ្តុំ ការជួបជុំក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដែលអាចនាំឱ្យមានការផ្ទុះឡើងនៃជំងឺកូវីដ១៩។
អាជ្ញាធរនៅក្នុងរាជធានីភ្នំពេញ ដែលជាតំបន់ប្រមូលផ្តុំទៅដោយរោងចក្រនោះ បានរៀបចំអគារសាលារៀន ដើម្បីដាក់កម្មករ និយោជិតឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃមុនពេលពួកគេចូលធ្វើការងារវិញ។
ឯ.ឧ ម៉ម ប៊ុនហេង បានបញ្ជាក់នៅក្នុងសន្និសីទព័ត៌មានថា ចំពោះបងប្អូនដែលបានសម្រុកធ្វើដំណើរទៅស្រុកកំណើតមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ហើយត្រូវវិលត្រឡប់មកលំ នៅឋាន ឬចូលមកធ្វើការនៅតាមទីកន្លែងរោងចក្រ សហគ្រាស ក្រសួងស្ថាប័ន ឬមន្ទីររៀងៗខ្លួននោះ ត្រូវអនុវត្តន៍វិធានការតាមដានសុខភាពផ្ទាល់ខ្លួន ដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំ នួន១៤ថ្ងៃ ឬអាចធ្វើការតាមផ្ទះ តាមអនឡាញក្នុងរយៈពេលធ្វើចត្តាឡីស័ក្តិចំនួន១៤ថ្ងៃនេះ។
នៅក្នុងលិខិតផ្ញើជូនអភិបាលរាជធានីភ្នំពេញ អភិបាលរងរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បានគូសបញ្ជាក់ថា កម្មករ កម្មការិនីជាង ១៥,០០០នាក់នេះ មាននៅក្នុងខណ្ឌពោធិ៍សែនជ័យ ៧.២៥៨នាក់ ខណ្ឌដង្កោ ២.៣៤១នាក់ ខណ្ឌកំបូល១.២៥១នាក់ ខណ្ឌមានជ័យ ២.១១៦នាក់ ខណ្ឌសែនសុខ ១.០៦៨នាក់ ខណ្ឌព្រែកព្នៅ ៧៦នាក់ ខណ្ឌច្បារអំពៅ ៨៧នាក់ ខណ្ឌឫស្សីកែវ១.៣០២នាក់ ខណ្ឌទួលគោក ៧១នាក់ ខណ្ឌចំការមន ៩៥នាក់ ខណ្ឌដូនពេញមាន ២នាក់ និង ខណ្ឌជ្រោយចង្វារ ៦០នាក់។
អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងដែរថា សាលារាជធានីភ្នំពេញបានត្រៀមសាលារៀនចំនួន ៣៧សាលា ដែលមានបន្ទប់ចំនួ ៦៩៩បន្ទប់ សម្រាប់ដាក់កម្មករ និយោជិតទាំងអស់នេះ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃនេះដែរថា ក្រៅពីរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តដែលមានរោងចក្រ សហគ្រាសក៏មានកម្មករ និយោជិតមួយចំនួនត្រូវបានដាក់ឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។
ក្រសួងការងារធ្លាប់បានបញ្ជាក់ថា សម្រាប់កម្មករ និយោជិតដែលដាក់ឱ្យនៅដាច់ដោយឡែក
រយៈពេល១៤ថ្ងៃនេះ សម្រាប់កម្មករ និយោជិត ដែលឈប់សម្រាកដោយមានការអនុញ្ញាតពី
ភាគីរោងចក្រ សហគ្រាស គឺពួកគេទទួលបានប្រាក់ឈ្នួលធម្មតា។
ប៉ុន្តែសម្រាប់កម្មករ និយោ ជិត ដែលឈប់សម្រាកដោយមិនមានការអនុញ្ញាតពីភាគីរោងចក្រ សហគ្រាស គឺមិនទទួលបានប្រាក់ឈ្នួលនោះឡើយ ក្នុងអំឡុងពេលដាក់ឱ្យនៅដាច់ដោយឡែកនេះ៕





