នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១.០៧៤គ្រឿងទៀត ក្នុងនោះមានម៉ូតូ ៨២១គ្រឿង និងរថយន្ត ២៥៣គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
ឯកឧត្តមបន្តថា រយៈពេល១៨៧ថ្ងៃនៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២០៤,៤៧៨គ្រឿង ក្នុងនោះមានម៉ូតូ ១៥១,២១៤គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥៣,២៦៤គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា អត់ស្លាកលេខ ស្រវឹង និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន លើសចំណុះ បត់ជែង ស្រវឹង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃជាដើម។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា រយៈពេល១៨៧ថ្ងៃមកនេះ ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។
ទន្ទឹមនោះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។
សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាក៏បានកើតឡើងចំនួន ១០លើក ក្នុងនោះស្លាប់ ៧នាក់ របួស ១២នាក់ (របួសធ្ងន់ ៨នាក់)៕






