សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសង្កត់ធ្ងន់ថា នៅកម្ពុជា វត្តមានស្ត្រី ទាំងក្នុងក្របខណ្ឌបក្ស រដ្ឋ និងវិស័យឯកជន ត្រូវបានលើកកម្ពស់ជាមួយនិងបរិមាណ កំណើនគួរឱ្យកត់សំគាល់ នៅស្ទើរគ្រប់វិស័យសាធារណទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ការបញ្ជាក់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម និងជាប្រធានសហព័ន្ធនារីវៀតណាម ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៦ កក្កដានេះ។
សម្តេចប្រធឆនរដ្ឋសភា បានគាំទ្រ និងលើកទឹកចិត្តក្នុងការជំរុញការអនុវត្តកិច្ចព្រមព្រៀង រវាងសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ និងសហព័ន្ធនារីវៀតណាម ឱ្យបានកាន់តែល្អថែមទៀត។
លោកជំទាវ ហា ធីង៉ា បានជម្រាបសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារដែលសហព័ន្ធនារីវៀតណាម បានសម្រេចបាននាពេលកន្លងមក នៅក្នុងនោះមានកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលទើបបញ្ចប់កិច្ចសហប្រតិបត្តិការជាមួយគ្នាពីឆ្នាំ ២០១៧ ដល់ឆ្នាំ២០២២ និងត្រៀមចុះកិច្ចសហប្រតិបត្តិការ ៥ឆ្នាំបន្តទៀត។ លោកជំទាវ បន្ថែមថា នៅក្នុងរដ្ឋសភាប្រទេសវៀតណាម ដែលមានសមាជិកចំនួន ៤៩៩នាក់ មានសមាជិកជានារីចំនួន ១៥១នាក់ ដែលស្មើប្រមាណជាង៣០%។ លោកជំទាវ ហា ធីង៉ា បានគោរពស្នើសូម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បង្កលក្ខណៈងាយ ស្រួលដល់កិច្ចសហប្រតិបត្តិការរវាងសមាជិករដ្ឋសភាកម្ពុជាជាស្រ្តី និងសហព័ន្ធនារីវៀតណាម នៅក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នានាពេលអនាគត។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានសេចក្តីសោមនស្សរីករាយ សូមស្វាគមន៍ លោកជំទាវ ហា ធីង៉ា និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ ពិតជារួមចំណែកដល់ការពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងបក្ស រដ្ឋ និងប្រជាជនប្រទេសទាំងពីរ។ សម្តេច បានអបអរ សាទរលោកជំទាវ ដែលបានជាប់ឆ្នោតសារជាថ្មី ជាប្រធានសហព័ន្ធនារីវៀតណាម សម្រាប់អាណត្តិទី១៣ ឆ្នាំ ២០២២-២០២៧ ផងដែរ។
សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍លើកឡើងថា វត្តមានស្រ្តីនៅក្នុងវិស័យនយោបាយ និងកិច្ចការសង្គមទូទៅ ទាំងនៅវៀតណាម និងកម្ពុជា មិនត្រឹមតែជួយលើកកម្ពស់សិទ្ធិនារី និងការជំរុញលើកកម្ពស់សមភាពយ៉េនឌ័រ ដែលជារបៀបវារៈនយោបាយដ៏សំខាន់របស់សកលលោកបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន និងសកលលោកផងដែរ។
វត្តមានស្រ្តី នៅក្នុងវិស័យកិច្ចការសង្គមនយោបាយ ជាកម្លំាងស្នូល និងជាឆ្អឹងខ្នងដ៏សំខាន់មិនអាចខ្វះបាន ក្នុងរួមចំណែកថែរក្សាសន្តិភាពសណ្តាប់ធ្នាប់សង្គម ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម៕






