
សម្តេចក្រឡាហោម ស ខេង ពេញចិត្តចំពោះអាណត្តិទូតរបស់ឯកឧត្តម MIKAMI Masahiro ដែលធ្វើឲ្យទំនាក់ ទំនងកម្ពុជា-ជប៉ុន ឈានដល់កម្រិតខ្ពស់។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋា ភិបាលកម្ពុជា ក្នុងឱកាសជួបពិភាក្សាការងារ ជាមួយឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណា ចក្រកម្ពុជា ដែលចប់អាណត្តិ កាលពីម្សិល មិញ។
សម្ដេចក្រឡាហោម ស ខេង បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្ដមទូត នៅកម្ពុជា ដែលថ្មីៗនេះឯកឧត្តម បានចូលរួមចំណែកក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើននៅកម្ពុជា រួមមាន៖ ព្រឹត្តិការណ៍វិបត្តិកូវីដ -១៩ និងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ក្នុងអំឡុងវិបត្តិកូវីដ-១៩ ជប៉ុនបានជួយកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិកូវីដ- ១៩នេះ តាមរយៈការផ្តល់ជំនួយមនុស្សធម៌ផ្សេងៗជាច្រើន ។ ដោយឡែក ចំពោះការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានោះ ជប៉ុន ក៏បានជួយជាសម្ភារដល់កម្លាំងនគរបាលជាតិកម្ពុជា ក្នុងការការពារសុវត្ថិភាព និងសន្តិសុខ ក្នុងអំឡុង ពេលនៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តប្រកបទៅដោយភាពជោគ ជ័យខ្ពស់។
លើសពីនេះទៀត សម្ដេចក្រឡាហោម បានបញ្ជាក់បន្ថែមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម ប្រទេសជប៉ុន បានជួយដល់កម្ពុជាក្នុងវិស័យជាច្រើនទៀត ក្នុងនោះ ជប៉ុន បានជួយដល់កម្ពុជាក្នុងការរៀបចំការបោះឆ្នោតកន្លងមក ហើយបច្ចុប្បន្ន ជប៉ុនក៏កំពុងបន្តការគាំទ្រ និងចូលរួមក្នុងកិច្ចការរៀបចំការបោះ ឆ្នោតនៅឆ្នាំ២០២៣ ខាងមុខនេះផងដែរ។
ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនសម្តេចក្រឡាហោម ថា ក្នុងឱកាសនៃបេសកម្មការទូតរបស់ឯកឧត្តម រយៈពេលជាង៣ឆ្នាំ កន្លង មក កម្ពុជា និងជប៉ុន បានសម្រេចនូវសមិទ្ធផលនានាជាច្រើន បូករួមទាំងការធ្វើទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរផងដែរ។
ក្នុងនោះឯកឧត្តម នាយករដ្ឋមន្ដ្រីជប៉ុន ក៏ធ្លាប់បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា បានចំនួន២លើក ខណៈ នោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានទៅបំពេញទស្សនកិច្ចនៅជប៉ុនបានចំនួនពីរលើដូចគ្នាផងដែរ។
ឯកឧត្តម បានបញ្ជាក់ជូនសម្តេចក្រឡាហោមថា ឯកឧត្តម ក៏ធ្លាប់បានជួបជាមួយប្រជាជនជប៉ុន ដែលកំពុងធ្វើអាជីវកម្ម នៅខេត្តបាត់ ដំបង ពួកគាត់បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹក នាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនត្រឹមតែយកចិត្តទុកដាក់លើសុវត្ថិភាពរបស់បុគ្គលិកស្ថានទូតប៉ុណ្ណោះទេ ថែមទាំងជួយការពារសុវត្ថិភាពរបស់ប្រជាជនជប៉ុននៅកម្ពុជាផងដែរ។
សូមជម្រាបថា ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានឯកភាពគ្នាលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យទៅជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយ ឆ្នាំ២០២៣ នេះ៕



