នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ប្រធានគណៈប្រតិភូក្រុមសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ទទួលបន្ទុកអាស៊ាន លោកជំទាវ ហ្កាប្រីអែល កាតស្មារ៉ែក (Mrs. Gabriele KATZMAREK) បានចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាវិមានសន្ដិភាព រាជធានីភ្នំពេញ ។
ក្នុងជំនួបនោះលោកជំទាវ ហ្កាប្រីអែល បានថ្លែងកោត សរសើរពីភាពជាអ្នកដឹកនាំកម្ពុជារបស់សម្ដេចតេជោ និងជំហរកម្ពុជាក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
លោកជំទាវ បញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ នាពេលនេះ គឺចង់ស្វែងរកកិច្ចសហប្រតិបត្តិការណ៍ជាមួយកម្ពុជា និងជំរុញពាណិជ្ជកម្មសេរីរវាងអឺរ៉ុបនិងអាស៊ាន។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចំពោះករណីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន គឺកម្ពុជាមានជំហរច្បាស់លាស់គឺរក្សាសណ្ឋាប់ធ្នាប់ពិភពលោកដោយផ្អែកលើច្បាប់។
សម្ដេចបានស្វាគមន៍នូវគោលបំណងរបស់លោក ជំទាវ ហ្កាប្រីអែល និងបានជម្រាបថាការជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបជាមួយអាស៊ាននោះចាំបាច់ណាស់ត្រូវមើលសហគមន៍អាស៊ានទាំងមូល។
ដំណើរទស្សនកិច្ចរបស់លោកស្រី ហ្កាប្រីអែល នៅកម្ពុជានាពេលនេះគឺជាដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអាល្លឺម៉ង់ទី២ ហើយដែលមកកម្ពុជាបន្ទាប់ពីប្រធានាធិបតីឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) បានបំពេញទស្សន កិច្ចផ្លូវការរយៈពេល ៣ថ្ងៃនៅកម្ពុជាចាប់ពីថ្ងៃទី១៤ ដល់១៦ ខែកុម្ភៈ ឆ្នាំ២០២៣។






