នៅព្រឹកថ្ងៃសុក្រ ៨ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល ព្រះរាជាណាចក្របែលហ្ស៊ិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-តំបន់ឥណ្ឌូប៉ាស៊ីហ្វិក លើកទី ៣។
វេទិកានេះ ត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០២២ ជាវេទិកាសម្រាប់ឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុប ពិភាក្សាអំពីការអនុវត្តយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងសមាជិកអាស៊ាន។
ឆ្នាំនេះ វេទិកាផ្តោតលើបញ្ហាដែលជាការប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងសន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក វិបុលភាពរួម ភាពធន់ផ្នែកសេដ្ឋកិច្ច និងការវនិយោគ ព្រមទាំងការពន្លឿនការផ្លាស់ប្តូរបៃតង និងថាមពល។
ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានថ្លែងសន្ទរកថា ដែលគូសបញ្ជាក់ពីការចូលរួមចំណែករបស់អាស៊ាន ចំពោះសន្តិភាព និងស្ថិរភាពតំបន់ ក៏ដូចជាវិបុលភាពរបស់ប្រជាជនអាស៊ាន ចំពេលតំបន់នេះកំពុងប្រឈមនឹងបរិយាកាសយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយដែលកំពុងវិវត្តន៍ និងកំពុងលេចឡើង ដូចជាការកើនឡើងនៃឌីជីថលនីយកម្ម និងតម្រូវការឱ្យមានបរិស្ថានកាន់តែស្អាត និងមានភាពបៃតងជាងមុន។ ឯកឧត្តម ក៏ទទួលស្គាល់ពីទំនាក់ទំនងកាន់តែជិតស្និទ្ធកាន់តែខ្លាំង រវាងអាស៊ាន និងសហភាពអឺរ៉ុប ចំពេលកំពុងប្រឈមបញ្ហាទាំងអស់នេះ។






