ស្ថានទូតជប៉ុនប្រចាំកម្ពុជា និង ក្រសួងអប់រំយុវជន និងកីឡា នៅរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤នេះ បានរៀបចំពិធីជូន ដំណើរ និស្សិតអាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុនឆ្នាំ២០២៤ ទាំង៣កម្រិត គឺកម្រិត ក្រោយឧត្តមសិក្សា កម្រិតមធ្យមសិក្សាបច្ចេកទេស និងកម្រិតបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៣៤នាក់ទៅបន្តការសិក្សាលើជំនាញជាច្រើននៅប្រទេសជប៉ុននាពេលដ៏ខ្លីខាងមុខនេះ។
នៅក្នុងពិធីជូនដំណើរនិស្សិតអាហារូបករណ៍ទាំងនោះ ឯកឧត្តម អ៊ូអិណូ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ការចំណាយពេលវេលានៅប្រទេសជប៉ុន ជាមួយ នឹងមិត្តភក្តិជាច្រើនមកពីគ្រប់ទិសទី និងចូលរួមការប្រកួតប្រជែងនានា ជាបទពិសោធន៍ ដែលមានតម្លៃមួយ ក្នុងជីវិតរបស់ក្មួយៗ។
រដ្ឋាភិបាលជប៉ុន បាននិងកំពុងផ្តល់អាហារូបករណ៍សម្រាប់សិស្សនិស្សិតកម្ពុជា ដើម្បីបន្តការសិក្សា នៅប្រទេសជប៉ុន ចាប់តាំងពីឆ្នាំ១៩៩២។ រហូតមកដល់ពេលនេះ យុវជនវ័យក្មេងកម្ពុជា ជាង១៤០០នាក់ ហើយ ដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន។
ឯកឧត្តមបានជម្រាបជូនថា មានអតីតនិស្សិតខ្មែរ ដែលសិក្សានៅប្រទេសជប៉ុនជាច្រើន កំពុងដើរតួនាទីយ៉ាងសកម្មក្នុង វិស័យនានា។
ឯកឧត្តម ឯកអគ្គរាជទូតមានប្រសាសន៍ថា ឆ្នាំមុន ជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០នៃទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា។
ចំណង មិត្ត ភាពរវាងជប៉ុន និងកម្ពុជា ត្រូវបានពង្រឹង បន្តដោយចីរភាព ដោយមានការគាំទ្រពីអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន នៅក្នុងសកម្មភាពនានា។
សង្ឃឹមថា ក្មួយៗនិស្សិតអាហារូបករណ៍ថ្មី នឹងបន្តពង្រឹងមិត្តភាព នៃប្រទេសទាំងពីរនាពេលអនាគត។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជប៉ុនជាប្រទេសមួយក្នុងចំណោមប្រទេសផ្តល់អាហាររូបករណ៍ដល់យុវជនវ័យក្មេងរបស់កម្ពុជា បានទៅបន្តការសិក្សាលើមុខវិជ្ជាជាច្រើន។ ក្រៅពីបំពេញតួនាទីជាទូសុឆន្ទៈរបស់កម្ពុជា នៅប្រទេសជប៉ុន និងនិស្សិតជាច្រើនមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក និស្សិតដែលបញ្ចប់ការសិក្សានៅប្រទេសជប៉ុន គឺជាធនធានដ៏មានតម្លៃ ដែលពួកគេបាននាំមកនូវចំណេះ ជំនាញ បទពិសោធន៍បច្ចេកវិទ្យា ការងារជាច្រើន មកបំរើផលប្រយោជន៍ក្នុងសង្គមជាតិរបស់ខ្លួន។
សម្រាប់និស្សិតអាហាររូបករណ៍ឆ្នាំ២០២៤នេះ ក៏មិនខុសពីរៀមច្បងមុនៗដែរ ដែលពួកគេគឺជានិស្សិតឆ្នើមដែលបានប្រឡងជាប់អាហារូបករណ៍របស់រដ្ឋាភិបាលជប៉ុន ទៅបន្តការសិក្សាលើជំនាញ ទាំង៣កម្រិតនេះ ពួកគេនឹងត្រឡប់មកវិញដោយនាំមកនូវចំណេះដឹង បច្ចេកវិទ្យា ស្របតាមបរិបទ នៃការវិវត្តន៍ឥតឈប់ឈររបស់ឧស្សាហកម្ម៤.០ និងឆ្លើយតបនឹងយុទ្ធសាស្រ្តបច្ចកោណដែលប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលបានដាក់ចេញ និងកំពុងអនុវត្តយ៉ាងហ្មត់ចត់បំផុតនេះ៕