លោក អូ ចាង ស៊ូក (Oh Chang-seok) ប្រធានក្រុម ហ៊ុន Mugungwha Trust បានមានប្រសាសន៍ចង់ឱ្យសម្តេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកបានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗ។
ការបញ្ជាក់របស់លោក អូ ចាង ស៊ូក ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរសមនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
លោកប្រធានក្រុមហ៊ុន មានប្រសាសន៍ថា កាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកបានទៅធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា។
ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនរបស់លោក គិតថាប្រទេសកម្ពុជាគួរបង្កើតប្រព័ន្ធបរធនបាលកិច្ចនេះ និងមានគម្រោងទៅវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។
លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ប្រទេសកូរ៉េ បានបង្កើតបរធនបាលកិច្ច នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ ដោយយកគម្រូពីប្រទេសអឺរ៉ុប។ ក្រុមហ៊ុនរបស់លោក ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបរធនបាលកិច្ច ចំនួន១៤ នៅប្រទេសកូរ៉េ និង ស្ថិតនៅក្នុងលំដាប់ខ្ពស់។
លោក Oh Chang-seok បានគោរពសុំអនុសាសន៍ និងការណែនាំរបស់សម្តេចតេជោនៅក្នុងវិស័យបរធនបាលកិច្ចនេះ ដោយគិតថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានិងតំបន់។
ក្រុមហ៊ុនរបស់លោក ត្រៀមរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា និងសហការជាមួយក្រុមហ៊ុនឯកជនកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ច។
លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា សព្វថ្ងៃ នៅកម្ពុជា ក្រុមហ៊ុនចំនួន៨ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ច ហើយលោកចង់ចូលរួមចំណែកលើកតម្កើងប្រព័ន្ធសព្វថ្ងៃឱ្យដល់កម្រិតខ្ពស់បន្ថែមទៀត។
សម្ដេចតេជោ បានជម្រាបទៅលោកប្រធានក្រុមហ៊ុនថា ប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជាដែលត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមុននេះ មិនទាន់ដំណើរការរលូនទេ។
ប្រព័ន្ធនេះ ដូចប្រព័ន្ធទីផ្សារមូលបត្រ ទោះបីជាបានបង្កើតទៅហើយក្តី គឺពុំមានដំណើរការដោយរលូននោះទេ គឺមានភាពរអាក់រអួលនៅឡើយ។សម្ដេចតេជោ សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ និង ទៅចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាដែលមានច្បាប់អនុញ្ញាតរួច ហើយត្រូវធ្វើសកម្មភាពឱ្យសកម្ម។
ជាក់ស្តែង វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារមូលប័ត្រ ទាមទារនូវជំនឿទុកចិត្តផ្នែកសេដ្ឋកិច្ច។ ប្រទេសកម្ពុជា ពិតជាមានតម្រូវការក្នុងវិស័យនេះដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។
ជាមួយគ្នានេះផងដែរ សម្ដេចតេជោបាន ស្នើឱ្យក្រុមហ៊ុនទៅពិនិត្យមើលលើការវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យបរធនបាលនេះ។
លោកប្រធានក្រុមហ៊ុនមើលឃើញពីបរិយា កាសល្អរបស់កម្ពុជាសម្រាប់ការធ្វើវិនិយោគ ពីព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព។
ម្យ៉ាងទៀត កម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អនឹងគ្នា និងកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ៕






