បន្ទាយមានជ័យ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើអនាម័យបរិស្ថាន បាញ់ទឹកសាប៊ូលាងសំអាតផ្លូវថ្នល់ នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២០ ដែលជាកន្លែងសំបូរមនុស្សឆ្លងកាត់ច្រើន ដើម្បីថែរក្សាអនាម័យ ស្របពេលដែលភាគីថៃកំពុងយកចិត្តទុកដាក់ លាងសំអាត និងបាញ់ថ្នាំសំលាប់មេរោគដូចគ្នា ខណៈវីរុសកូវីត១៩កំពុងតែបន្តរាតល្បាត ។
បន្ទាប់ពីធ្វើការផ្សព្វផ្សាយអប់រំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ រដ្ឋបាលក្រុងប៉ោយប៉ែត បានបន្តធ្វើអនាម័យបាញ់ទឹកសាប៊ូលាងសំអាត និងសម្លាប់មេរោគ វីរុសផ្សេងៗ ការពារអនាមួយបរិស្ថាន ក៏ដូចជាការពារសុខភាពប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ផងដែរ។
លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការបាញ់ទឹកសាប៊ូ សំអាតផ្លូវថ្នល់នេះ ក្នុងគោលបំណង ដើម្បីសំលាប់មេរោគ វីរុសផ្សេងៗ ជាពិសេសការពារជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក។
លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ កុំមានការភ័យខ្លាច ឬតក់ស្លុតអ្វីទាំងអស់ ព្រោះថា កូវីត១៩នៅមិនទាន់មានឆ្លងនៅក្នុងសហគមឡើយ។





