(ពោធិ៍សាត់)៖ គ្រោះធម្មជាតិដ៏រន្ធត់មួយ នៅល្ងាចថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ និងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្ក ឲ្យមានភ្លៀង ធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំដើមឈើសង្កត់ផ្ទះប្រជាពលរដ្ឋ រងរបួសធ្ងន់ស្រាល មនុស្ស ៤នាក់ និងរន្ទះបាញ់ ស្លាប់ម្នាក់ទៀត។
យោងតាមរបាយការណ៍ របស់កម្លាំងនគរបាលស្រុកក្រគរ និងស្រុកវាលវែង ដែលទើបតែ ទទួលបាន នោះ បានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ដោយសាររន្ទះបាញ់ ខណៈកំពុងដើរ ចេញពីចំការ សំដៅ មកផ្ទះ នៅចំណុចអូរស្រឡៅ មានឈ្មោះ ធន សូត្រ ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ ឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បច្ចុប្បន្នសាកសព ត្រូវបានក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នករងរបួសធ្ងន់ស្រាលដោយសាររលំដើមឈើ(ធ្នង់) សង្កត់ផ្ទះទំហំ ៥x៦ម៉ែត្រ ប្រក់ស័ង្កសី ក្រាលក្តារ ជញ្ជាំងស្លឹក មានឈ្មោះ ១-គាំ ឆយ ភេទស្រី អាយុ៧៨ឆ្នាំ ជនជាតិខ្មែរ ជាជីដូន (រងរបួស ធ្ងន់) ២-ស៊ិន សុភ័ក្រ ភេទប្រុស ជនជាតិខ្មែរ (រងរបួសស្រាល) ៣-ស៊ិន ចាន់មុន្នី ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) និង៤-ស៊ិន រីណា ភេទប្រុស អាយុ៤ឆ្នាំ ជនជាតិខ្មែរ (រងរបួសស្រាល) អ្នក៤រស់នៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូន ទៅសង្គ្រោះនៅមណ្ឌលសុខភាព ឈូកមាស ៕












