ជប៉ុន ៖ ដោយសារតែតម្លៃអង្ករក្នុងស្រុកក្នុងប្រទេសជប៉ុន មានការឡើងថ្លៃធ្វើអោយភោជនីយដ្ឋាន និងហាងកាន់តែច្រើននៅជប៉ុន កំពុងងាកទៅទិញអង្ករដែលនាំចូលពីបរទេសវិញ។
ការផលិតស្រូវនៅក្នុងប្រទេសជប៉ុន បានថយចុះយ៉ាងគំហុក បណ្តាលឱ្យតម្លៃស្រូវជប៉ុនឡើងថ្លៃ។ ការថយចុះនៃការផលិតនេះ បានកើតមានឡើងក្រោយពីរដ្ឋាភិបាលជប៉ុន បានបញ្ចប់ជំនួយជាថវិកាសម្រាប់ការដាំស្រូវកាលពីឆ្នាំ២០១៣ និងបានលើកទឹកចិត្តឱ្យកសិករដាំស្មៅជាចំនីគោវិញ។ ខណៈដែលរដ្ឋាភិបាលជប៉ុនផ្តល់កូតានាំចូលស្រូវចំនួន១សែនតោនក្នុង១ឆ្នាំ ធ្វើអោយក្រុមហ៊ុនផ្សារទំនើប ស៊ីយូ (Seiyu) បានចាប់ផ្តើមនាំចូលអង្ករពីប្រទេសអូស្ត្រាលី ចាប់តាំងពីខែមីនាមក ដោយបានចាប់ផ្តើមលក់អង្ករនេះ នៅតាមហាងជាង១៤០កន្លែងទូទាំងប្រទេសជប៉ុន។
តម្លៃអង្ករនាំចូលនេះ គឺមានតម្លៃប្រហែល២ដុល្លារ៧០សេនក្នុង១គីឡូក្រាម ដែលថោកជាងអង្ករក្នុងស្រុកប្រហែល៣០ភាគរយ។ ទន្ទឹមនេះដែរ ភោជនីយដ្ឋាន យ៉ូស៊ីណូយ៉ា (Yoshinoya) ក៏បានចាប់ផ្តើមនាំចូលអង្ករមកពីសហរដ្ឋអាមេរិក បានប្រហែល១ឆ្នាំមកហើយដែរសម្រាប់ការប្រើប្រាស់ជាប្រចាំថ្ងៃ ចំណែកការទិញអង្ករក្នុងស្រុកមានខ្លះប៉ុណ្ណោះ។
បើទោះជាអង្ករនាំចូលមានតម្រូវការកាន់តែច្រើនក៏ដោយ ក៏អង្ករបរទេសមានអ្នកបរិភោគត្រឹមតែ១ភាគរយប៉ុណ្ណោះនៅ ជប៉ុន។ អ្នកវិភាគបានចង្អុលបង្ហាញថា បើសិនជាអង្ករក្នុងស្រុក និងអង្ករនាំចូលមានតម្លៃខុសគ្នាកាន់តែឆ្ងាយ អង្ករនាំចូល នឹងមានគេត្រូវការកាន់តែច្រើន ដែលនឹងបណ្តាលឱ្យប្រជាជនជប៉ុនងាកមកបរិភោគអង្ករនាំចូលកាន់តែច្រើនទូទាំងប្រទេស៕ វ៉ាន់ ១មករា








