អាមេរិច ៖ ផ្សែងដែលបណ្ដាលមកពីកំអែរភ្នំភ្លើងនៅលើកោះ ហាវ៉ៃ ប៉ះនឹងទឹកសមុទ្រ បណ្ដាលឲ្យបញ្ចេញសារធាតុអាស៊ីត បង្ករគ្រោះថ្នាក់ដល់សុខភាពមនុស្ស ជម្រុញឲ្យអាជ្ញាធរក្នុងតំបន់ ចេញសេចក្តីប្រកាសអាសន្នបន្ថែមទៀត ដើម្បីឲ្យប្រជាជន ត្រៀមជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ។
ភ្នាក់ងារការពារជនស៊ីវិល បានចេញការព្រមានបន្ថែមទៀតពិសេសដល់ប្រជាជនដែលរស់នៅក្បែរមាត់សមុទ្រ និងអ្នក ដែលនឹងធ្វើដំណើរទៅកាន់មាត់សមុទ្រ ចំពោះគ្រោះថ្នាក់នៃផ្សែងមានជាតិអាស៊ីតដែលចេញ ពីកំអែរភ្នំភ្លើងដែលនឹងប៉ះ ទឹកសមុទ្រ ។ ក្រៅពីសារធាតុពុលនេះ ផ្សែងក៏ភាយចេញផងដែរពីទីតាំងផ្សេងៗទៀត នៅឆ្ងាយពីសមុទ្រដែលជាកន្លែង កំអែរភ្នំភ្លើងពណ៌ក្រហម មានកម្ដៅជាងមួយពាន់អង្សារ បន្តហូរហៀរ និងមានលឿនកាន់តែលឿន ។
ភ្នាក់ងារភូមិសាស្ត្រកោះ ហាវៃ បានឲ្យដឹងថា ល្បឿននៃការហូររបស់កំអែរភ្នំភ្លើងលឿនជាងមុនទ្វេដង ឆ្ពោះទៅទិសខាង កើតនៃកោះ Big Island បណ្ដាលឲ្យលិចបឹងធំមួយ ហើយបន្តហូរហៀរចេញពីបឹង ឆ្ពោះទៅទិសខាងកើត ឆ្លងកាត់មហាវិថី និងទីប្រជុំជនដែលមានមនុស្សរស់នៅរាប់ពាន់នាក់ ។
កោះ Big Island ដែលជាកោះមួយក្នុងរដ្ឋ ហាវ៉ៃ សហរដ្ឋអាមេរិក ត្រូវបានអាជ្ញាធរប្រកាសអាសន្ន ដោយសារកំអែរភ្នំភ្លើង កំពុងហូរហៀររាលដាលកាន់តែខ្លាំង បង្ខំឲ្យជម្លៀសមនុស្សចេញពីស្រុកភូមិនានា នៅជុំវិញតំបន់ផ្ទុះភ្នំភ្លើង ។ ចំណែក ភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិកបានឲ្យដឹងថា មានកំអែរភ្នំភ្លើងច្រើនកន្លែងផ្សេងទៀត កំពុងហូរហៀរទៅដល់តំបន់ មានប្រជាជនរស់នៅច្រើនដែលមានចម្ងាយប្រហែល 20គីឡូម៉ែត្រ ពីមាត់រណ្ដៅភ្នំភ្លើង ។








