ទួរគី ៖ ប្រធានាធិបតី ទួរគី លោក Tayyip Erdogan បានជួបជុំអ្នកគាំទ្រក្នុងទីក្រុង Sarajevo ប្រទេស បូស្នី Bosnia មុនពេលបោះឆ្នោតនៅខែក្រោយ ។
ការជួបជុំរបស់លោក Erdogan ធ្វើឡើងក្រោយពីប្រទេស 3 នៅទ្វីបអឺរ៉ុប បានហាមប្រាមមិនឲ្យអ្នកនយោបាយ ទួរគី ជួបជុំអ្នកគាំទ្រនៅក្នុងប្រទេស អូទ្រីស ហូល្លង់ និងអាល្លឺម៉ង់ ។
ទោះយ៉ាងណា ប្រទេស Bosnia បានអនុញ្ញាតឲ្យលោក Erdogan បានជួបជុំអ្នកគាំទ្រមុនពេលការបោះឆ្នោត ជ្រើសរើស តំណាងរាស្ត្រ និងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី 24 ខែមិថុនា ខាងមុខនេះ ដែលជាការបោះឆ្នោតអនុញ្ញាតឲ្យ ប្រទេស ទួរគី ប្រែក្លាយពីប្រទេសសភានិយម ទៅជាប្រទេសប្រធានធិបតីនិយម ដែលផ្ដល់អំណាចបន្ថែមទៅឲ្យ ប្រធានាធិបតី ។
ក្នុងការបោះឆ្នោតប្រជាមតិបន្ថែមអំណាចប្រធានាធិបតី កាលពីខែមិនា ឆ្នាំ 2017, ប្រទេស ហូល្លង់ និងអាល្លឺម៉ង់ បានដាក់ បម្រាមមិនឲ្យមន្ត្រី ទួរគី ធ្វើការជួបជុំអ្នកគាំទ្រ ដោយសារមូលហេតុសន្តិសុខ ។ ចំណែកប្រទេស អូទ្រីស ក្លាយជាប្រទេស ទី3 ហាមមិនអោយមានការជួបជុំរបស់អ្នកនយោបាយ ទួរគី ក្នុងឆ្នាំ2018 នេះ។
ការអនុញ្ញាតឲ្យអ្នកនយោបាយ ទួរគី ជួបជុំអ្នកគាំទ្រ អាចធ្វើឲ្យប្រទេស បូស្នីBosnia ជួបការលំបាកក្នុងដំណើរការចូលជា សមាជិកសហភាពអឺរ៉ុប ដោយសារតែប្រទេសភាគច្រើនក្នុងប្លុកនេះ ហាមប្រាមសកម្មភាពដូចគ្នា ។






