ក្រសួងបរិស្ថាន បានបន្តគាំទ្ររដ្ឋបាលមូលដ្ឋានតាមរយៈការបំពាក់សម្ភារៈ និងបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឈានឆ្ពោះ ទៅរកការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនប្រកប ដោយ ប្រសិទ្ធភាពនិងប្រសិទ្ធផល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានក្នុងការគ្រប់គ្រងសំណល់រឹងសំរាមប្រកប ដោយប្រសិទ្ធភាពបន្ថែមទៀត។
រហូតមកទល់បច្ចុប្បន្ននេះ ក្រសួងបរិស្ថានបានបំពាក់ឡដុតសំរាមសំណល់រឹងចំនួន ៥០ គ្រឿងទៅដល់ ២១ រាជធានី- ខេត្ត (៤៩ស្រុក)។ ការបំពាក់ឡដុតសំរាមសំណល់រឹងនេះ ជាវិធានការបន្ទាន់ចំពោះមុខ រីឯការគ្រប់គ្រងសំរាមសំណល់ រឹងតាមលក្ខណបច្ចេកទេស ដែលមានធុងដាក់សំរាមត្រឹម ត្រូវមធ្យោបាយដឹកសំរាមគ្រប់គ្រាន់ និងទីលានចាក់សំរាមតាមខ្នាតបច្ចេកទេស ទើបជាវិធានការជាយុទ្ធសាស្ត្រនៃគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំណល់រឹងទីប្រ ជុំជន។
ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានបានផ្តល់៖
១)រថយន្តដឹកសំរាមចំនួន១៧គ្រឿង ជូនទៅខេត្តចំនួន៩ (១៥ក្រុង -ស្រុក)។
២)ម៉ូតូកង់បីដឹកសំរាម ចំនួន១១៨គ្រឿង ជូនទៅខេត្តចំនួន២១ (៥៤ក្រុង-ស្រុក)។
៣) គ្រឿងចក្រចូកសំរាម «សាស័រ» ចំនួន២គ្រឿង ជូនទៅខេត្តព្រះសីហនុ។
៤) ធុង សំរាមខ្នាតធំ (៥-១១តោន) ចំនួន៦៨ធុង ជូនទៅខេត្តចំនួន៨។
៥) ធុងញែកសំរាម ចំនួន៥០០ធុង ជូនទៅសួនសាធារណៈ វិមានឈ្នះឈ្នះ បុរីប៉េងហួត និងសាលារៀន។
៦) ធុងចម្រោះទឹកស្អាត ចំនួន៩១ធុង ជូនទៅខេត្តចំនួន៥ (១៥ក្រុង-ស្រុក) និងសាលារៀន។
៧) កញ្ចប់សម្អាតសំរាម ក្នុងក្របខណ្ឌគម្រោងជំរុញបរិយាកាសអំណោយផលដល់ការអភិវឌ្ឍដោយនិរន្តរភាព ជូនទៅ២៥រាជធានី-ខេត្ត (មានធុងចម្រោះទឹកស្អាត៥០ និងធុងសំរាម៣០០)។
៨) វគ្គបណ្តុះបណ្តាល ចំនួន៣វគ្គ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងក្របខណ្ឌកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ក្រោយមានកិច្ចអន្តរាគមន៍ពីក្រសួងបរិស្ថានកន្លងមក យើងសង្កេតឃើញថា រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន៤ បាននិងកំពុងអនុវត្តគោលនយោបាយស្តីពីការគ្រប់គ្រងសំរាមសំ ណល់រឹងទីប្រជុំជន បានយ៉ាងល្អប្រសើរ រួមមាន៖ ស្រុកបន្ទាយស្រី(ខេត្តសៀមរាប) ក្រុងព្រៃវែងនិងស្រុកស្វាយអន្ទរ (ខេត្តព្រៃវែង) និងស្រុកអូររាំងឪ(ខេត្តត្បូងឃ្មុំ)។
ទន្ទឹមនឹងនេះដែរមាន ក្រុងព្រះសីហនុនិងស្រុកព្រៃនប់(ខេត្តព្រះសី ហនុ) ស្រុកអន្លង់វែង(ខេត្តឧត្តរមានជ័យ) ស្រុកស្នួល ( ខេត្ត ក្រចេះ) និងស្រុកពេជ្រាដា(ខេត្តមណ្ឌលគីរី) កំពុងឈានឆ្ពោះទៅរកការ គ្រប់គ្រងសំរាមសំណល់រឹង ប្រកបដោយប្រសិទ្ធភាពក្នុងពេលអនាគតខាងមុខ។
ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមវេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ និងញែកសំរាមតាមប្រភេទ ជៀស វាងការបោះសំរាមចោលផ្តេសផ្តាសដែលធ្វើឱ្យប៉ះពាល់ដល់សោភណ្ឌភាព និងផាសុកភាពសង្គម៕






