គៀវ៖ ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក អាន់ទ្រី យឺម៉ាក(Andriy Yermak) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីមានការដោះដូរអ្នកទោសចុងក្រោយជាមួយរុស្ស៊ី ទាហានអ៊ុយក្រែន ៥០នាក់បានត្រឡប់ទៅផ្ទះវិញហើយ។
នេះបើតាមការចេញផ្សាយ ដោយការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងចំណោមអ្នកដែលត្រូវបានគេដោះលែងនោះ មានមន្ត្រីពីរនាក់ ព្រមទាំងពលទាហាន និងទាហាន ៤៨នាក់ផងដែរ។
លោកបានបន្ថែមថា ភាគច្រើននៃទាហានដែលត្រូវបានដោះលែងនោះ បម្រើការនៅក្នុងកងនាវាចរអ៊ុយក្រែន ឆ្មាំជាតិ និងកងកម្លាំងប្រដាប់អាវុធ។
លោកយឺម៉ាក មិនបានផ្តល់ព័ត៌មានលម្អិតអំពីចំនួនទាហានរុស្ស៊ី ដែលត្រូវបានដោះលែងដោយអ៊ុយក្រែនក្រោមកិច្ចព្រមព្រៀងនោះទេ។
គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ីបានធ្វើការផ្លាស់ប្តូរអ្នកទោសលើកដំបូង របស់ពួកគេនៅក្នុងខែមីនា។
លោកយឺម៉ាកក៏បាននិយាយថា កិច្ចខិតខំប្រឹងប្រែង ដើម្បីដោះលែងទាហានអ៊ុយក្រែនបន្ថែមទៀតពីការជាប់ឃុំឃាំង របស់រុស្ស៊ីកំពុងដំណើរការ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






