ខេត្តកណ្តាល៖ មន្ត្រីនគរបាលចរាចរណ៍ម្នាក់ ត្រូវម៉ូតូបុកពេញមួយទំហឹង ខណៈកំពុងឈរជើងនៅគោលដៅពិនិត្យជាតិស្រវឹង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ជាង៨យប់ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
មន្ត្រីនគរបាលដែលត្រូវម៉ូតូបុកខាងលើឈ្មោះ យ៉ាន់ ពៅ ជាមន្ត្រីផ្នែកសណ្តាប់ធ្នាប់ អត្តលេខ៤០-៧១៧ នៅអធិការដ្ឋាននគរបាលស្រុកលើកដែក(រងរបួសធ្ងន់)។
ចំណែកជនបង្កមានឈ្មោះ ភុន សុផានី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិគគីរធំ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AB-6263។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា នៅវេលាកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ បើកបរដោយយុវជនម្នាក់ ធ្វើដំណើរបណ្តោយផ្លូវជាតិលេខ១ មានទិសដៅពីអ្នកលឿងមកភ្នំពេញ លុះមកដល់ចំណុចកើតហេតុ បានបុកមន្រ្តីនគរបាលចរាចរណ៍កំពុងឈរគោលដៅត្រួតពិនិត្យជាតិស្រវឹង បណ្តាលឲ្យរងរបួសធ្ងន់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ
មន្ទីរព្យាបាលសក្តិសិទ្ធិ ត្រើយខាងកើតស្ពានអ្នកលឿង។ ចំណែកជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែង។
សមត្ថកិច្ចបានឲ្យដឹងថា នៅក្នុងខ្លួនជនបង្កមានកម្រិតជាតិអាល់កុល ០,២៨mg/L ដោយមុនពេលកើតហេតុ គេបានជួបជុំគ្នាផឹកស្រាបៀរតាំងពីម៉ោង៥ល្ងាច ដល់ម៉ោង៧យប់ អស់ប្រមាណ៥កំប៉ុង រួចក៏ធ្វើការបើកបរ។ បច្ចុបន្ន ជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ចាត់ការតាមនិរតិវិធីច្បាប់៕






