ឯកឧត្តមនាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការក្រសួង ការពារជាតិ ជាប្រធានគណៈកម្មការធិកាបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ បានចូលរួមពិធីពិនិត្យ វាយតម្លៃ និងជួបសំណេះសំណាល ជាមួយមន្រ្តី -បុគ្គលិក អង្គភាពស៊ីម៉ាក់ ដែលជាមុខសញ្ញាយោធិនចូលនិវត្តន៍ យោធិនពិការ និងយោធិនពលី។
ពិធីនេះបានធ្វើឡើងនៅ ទីបញ្ជាការកណ្តាលស៊ីម៉ាក់ ដោយមានវត្តមានចូលរួម ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ជាប្រធានក្រុមការងារពិនិត្យ វាយតម្លៃកំណត់មុខ សញ្ញា យោធិន ពលី ពិការ និងសោធននិវត្តន៍។
នាយឧត្តមសេនីយ៍ ភួង ស៊ីផាន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវត្តន៍រីកចម្រើនរបស់អង្កភាពស៊ីម៉ាក់ និងការធ្វើពលិកម្មរបស់មន្ត្រីស៊ីម៉ាក់ ក្នុងការបោសសំអាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនាពេលកន្លងមក។
ឯកឧត្តម បញ្ជាក់ថា ថ្នាក់ដឹកនាំស៊ីម៉ាក ដែលមានសមត្ថភាពខ្ពស់ក្នុងការរៀបចំកម្លាំង ការទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្ត និងការទំនាក់ទំនងល្អជាមួយមន្ត្រីក្នុងរាជរដ្ឋាភិបាល ការរៀបចំកម្លាំងស៊ីម៉ាកឱ្យដំណើរការប្រកបដោយមោទនាភាព។
ឯកឧត្តម បានសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន សម្តេចពិជ័យសេនា ទៀ បាញ់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្តល់ឱកាសឱ្យមន្ត្រីស៊ីម៉ាក់ ដែលជាកម្លាំងមួយពោពេញដោយពលីកម្ម ដើម្បីរកដំណោះស្រាយបញ្ចូលក្របខ័ណ្ឌជូនមន្ត្រីស៊ីម៉ាក់ ដែលមានអាយុកាត់តែចាស់ កាន់តែទ្រុឌទ្រោម អាចទទួលបានលំនឹងជីវិតនៅពេលចូលនិវត្តន៏។
ឯកឧត្តម ភួង ស៊ីផាន បានបញ្ជាក់បន្ថែមថាចំពោះគណៈកម្មការវាយតម្លៃ មុខសញ្ញាពិការ សូមធ្វើដោយតម្លាភាព ត្រឹមត្រូវ សុក្រិតភាព ទៅតាមកម្រិតនីមួយៗ និងសូមវាយតម្លៃឱ្យបានច្បាស់លាស់ ព្រោះថាថវិកាជាតិមានកម្រិត។
ឧត្តមសេនីយ៍ឯក សៅ សារឿន ជាប្រធានក្រុមការងារពិនិត្យវាយតម្លៃកំណត់មុខសញ្ញា យោធិន ពលី ពិការ និងសោធននិវត្តន៍ បានដឹកនាំកម្លាំងជំនាញចម្រុះដែលមកពីស្ថាប័នជំនាញក្នុងក្រសួងការពារជាតិ ការងារសុខាភិបាល ការងារសង្គមកិច្ចនិងអតីតយុទ្ធជន និងជំនាញសុខាភិបាលយោធភូមិភាគពិសេស បានចុះមកក្រុមការងារពិនិត្យ វាយតម្លៃកំណត់មុខសញ្ញាយោធិន ពលី ពិការ និងសោធននិវត្តន៍។
ការពិនិត្យនឹងធ្វើឡើងចាប់ពីថ្ងៃទី១៦ ដល់១៨ ខែធ្នូ ក្នុងវគ្គទី៧ បានកំណត់មុខសញ្ញា មន្ត្រីបុគ្គលិក ចំនួន ២២៦នាក់ វគ្គទី៧, វគ្គទី៦ ចំនួន ៤១នាក់ និងនៅពីវគ្គទី៥ មិនទាន់បានវាយតម្លៃ ចំនួន២នាក់ សរុបរួម ចំនួន២៦៩នាក់ទើបញ្ចប់។ ឯកឧត្តម សៅ សារឿន បានស្នើដល់ក្រុមការងារជំនាញក្រុមប្រឹក្សាវាតម្លៃត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យមុខសញ្ញា របួស ពិការ ដោយវាយតម្លៃឲ្យបានត្រឹមត្រូវច្បាស់លាស់ក្នុងការបំពេញសំណុំលិខិតជូនមុខសញ្ញាយោធិន ជាអតីតមន្ត្រីបុគ្គលិក (CMAC ) ដែលបាត់បង់សមត្ថ ភាព ចូលនិវត្តន៍ ពិការ និងពលី ទាំងនេះឲ្យបានត្រឹមត្រូវ យុត្តិធ៌មនិងទាន់ពេលវាលា ដើម្បីរៀបចំបំពេញ សំណុំលិខិត រួចផ្ទេរ ទៅក្រសួង សង្គមកិច្ចអតីតៈយុទ្ធជន និងយុវនិតិសម្បទា ដើម្បីគ្រប់គ្រងបន្ត ដោយដោះស្រាយនូវរបបគោលនយោបាយសន្តិសុខសង្គមប្រចាំខែជូនពួកគាត់។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងក្រសួងការពារជាតិ បានរៀបចំពិនិត្យ និងវាយតម្លៃ កំណត់មុខសញ្ញាយោធិនចូលនិវត្តន៍ យោធិនពិការ និងយោធិនពលី ដែលជាអតីតៈមន្ត្រីកបុគ្គលិកបំរើការងារនៅស៊ីម៉ាកនាពេលកន្លងមក ក្នុងក្របខ័ណ្ឌសរុប ចំនួន ១,៧៧៣នាក់៕






