(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកយុវជនជាធនធានដ៏មានសក្តានុពល និងជាកម្លាំងចលករដ៏សំខាន់របស់ប្រទេសជាតិ ដែលបច្ចុប្បន្នយុវជនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរ និងលើក កម្ពស់យុវជនជាកម្លាំងជួរមុខរបស់ប្រទេស។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងដូចនេះ ក្នុងឱកាសដែលបានអញ្ជើញសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ក្រុមបេក្ខជនជ័យលាភីអាហារូបករណ៍អភិវឌ្ឍន៍ធនធាន មនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២០ ចំនួន ២៦នាក់ (ស្រី ១០នាក់) មុនពេលចេញដំណើរទៅបំពេញការសិក្សារៀនសូត្រនៅពេលខាងមុខ តាមរយៈប្រព័ន្ធវីដេអូZOOM នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ឯកឧត្តមបន្តថា ការឈានទៅយកបរិញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតរបស់ក្មួយៗនាពេលនេះជាការសំខាន់ណាស់ ព្រោះ ថាការសិក្សានៅប្រទេសជប៉ុនពិតជាមានកម្រិតខ្ពស់ និងជាប្រទេសឈានមុខផ្នែកបច្ចេកវិទ្យា ដែលក្មួយៗត្រូវតែយក ចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសយើងវិញនាពេលខាងមុខ។
ក្រៅពីសិក្សាជំនាញ ក្មួយៗក៏ត្រូវស្រាវជ្រាវបទពិសោធន៍រវាងសង្គម និងសង្គម ព្រោះថានៅជប៉ុនមានការគោរពគ្នា យ៉ាងល្អ ជាពិសេ សរវាងមនុស្សជំនាន់មុន និងជំនាន់ក្រោយ ប្រជាជននៅប្រទេសនេះពិតជាមានវិន័យល្អណាស់ ពួកគេប្រកាន់ខ្ជាប់ទាំងក្របខណ្ឌសង្គម ការងារ ឬបរិយាកាសខាងក្រៅ ដែលយើងគួរតែរៀនសូត្រតាម។
ផ្អែកលើបទពិសោធន៍ដែលកម្ពុជាយើងបានឆ្លងកាត់ការកសាងប្រទេសក្នុងរយៈពេលកន្លងមកនេះ សុខសន្តិភាពដែលរាជរដ្ឋាភិបាលខិតខំធានាបាន ធ្វើឲ្យមានភាពរឹងមាំ ទាំងផ្នែកសេដ្ឋកិច្ច សង្គម ធ្វើឲ្យការអភិវឌ្ឍសេដ្ឋកិច្ច របស់កម្ពុជាកាន់តែមានការរីកច្រើនជាលំដាប់ រួមទាំងការកសាងធនធានមនុស្សដែលប្រទេសជាមិត្តបានផ្តល់ដល់យុវជនកម្ពុជាទៀតផង។
គួរបញ្ជាក់ជូនដែរថា អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Huma Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ ២០០០ ក្រោមជំនួយឥត សំណងរបស់រាជរដ្ឋាភិបាលជប៉ុន។
អាហារូប ករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋ កិច្ចក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។
គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតចំនួន ៤៤២ នាក់ ទៅសិក្សានៅប្រទេសជប៉ុន។ក្នុងឆ្នាំ២០២០នេះ មន្រ្តីរាជការកម្ពុជា សរុបចំនួន ២៦នាក់ បានទទួលអាហារូបករ ណ៍ JDS ក្នុងនោះចំនួន ២នាក់ ទទួលបានថ្នាក់បណ្ឌិត និង ២៤នាក់ ទទួលបានថ្នាក់អនុបណ្ឌិត ដែលការសិក្សានឹងចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ២០២១ ហើយការចេញដំណើរកំពុងស្ថិតក្រោមការសម្របសម្រួលរបស់ភាគីជប៉ុន៕






