ព្រៃវែង ៖ មុខសញ្ញាចោរលួចម៉ូតូម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកព្រះស្តេច ធ្វើការស្ទាក់ចាប់បានកាលពីវេលា ម៉ោង២២និង៣០នាទីយប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចភ្លឺស្រែស្ថិតក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានសេចក្តីរាយការណ៍ប្តឹងតាមទូរស័ព្ទរបស់ ជនរងគ្រោះឈ្មោះ អៀង សារៀម ភេទប្រុស អាយុ៣៨ រស់នៅភូមិខ្លាខាំ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ថាមានចោរ បានធ្វើសកម្មភាពចូលលួចម៉ូតូរបស់គាត់បាត់ពីក្រោមផ្ទះ១គ្រឿង ម៉ាកWAVEC100 ណព៍ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1I.8347 ជិះគេចខ្លួនបាត់។
ក្រោយទទួលបានការប្តឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាលស្រុកសហការជាមួយនគរបាលប៉ុស្តិ៍ដាក់ពង្រាយកម្លាំង ពួនស្ទាក់នៅតាមចំណុចគោលដៅសំខាន់ៗគ្រប់ច្រក់ល្ហក់។ លុះដល់វេលាម៉ោងខាងលើប្រទះឃើញជនសង្ស័យ ជាមុខសញ្ញាជិះម៉ូតូតាមភ្លឺប្រឡាយស្ថិតក្នុងភូមិពានី ឃុំល្វា ស្រុកព្រះស្ដេច កម្លាំងក៍ស្ទាក់ចាប់ឃាត់ខ្លួនយកមកសាកសួរ នៅអធិការដ្ធាននគរបាលស្រុកតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនឈ្មោះ អ៊ុល ហ៊ាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិឆ្នង់ ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ហើយខ្លួនពិតជាបានលួចចេញពីក្រោមផ្ទះរបស់ជនរងគ្រោះពិតប្រាកដមែន។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យសមត្ថកិច្ចក៍បានកសាងសំណុំរឿងតាមនីតិវិធី៕ សុឹម សាន់









