រាជធានីភ្នំពេញ ៖ នៅទីបំផុត! អ្វីដែលមហាជនទន្ទឹងរង់ចាំយ៉ាងអន្ទះសារនោះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា ល្ខោនខោលរបស់កម្ពុជា ត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
នៅប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តរ រដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌ អរូបី នៅ មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេសម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ល្ខោនខោល របស់កម្ពុជា ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូផ្លូវការហើយ។
សម្ដេចតេជោ ហ៊ុន សែន តាមរយៈទំព័រ Facebook ផ្លូវការនៅរសៀលថ្ងៃនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាអបអរសាទរ ដែលបានដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរី នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨»។
គួរបញ្ជាក់ដែរថា កម្ពុជាបានស្នើសុំចុះបញ្ជីល្ខោនខោលវត្តស្វាយអណ្តែត កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ ប្រតិភូកម្ពុជាដែលបានចូលរួមក្នុងសម័យប្រជុំលើកទី១៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល សម្រាប់ការថែរក្សាបេតិកភណ្ឌវប្បធម៌អរូបី មានលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម កេត សាផាន់ អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកស្រី Helen Jarvis និងលោក Teruo Jinnai ដែលជាទីប្រឹក្សារដ្ឋាភិបាល មន្ត្រីជំនាញ និងតំណាងកម្ពុជាប្រចាំយូណេស្កូ ៥រូបទៀត។
ល្ខោនដ៏ចំណាស់របស់ខ្មែរមួយនេះ ស្ថិតក្នុងចំណោមបញ្ជីបេតិកភណ្ឌអរូបី ដែលត្រូវការសង្គ្រោះបន្ទាន់ (Urgent Safeguarding List) ដូចបេតិកភណ្ឌផ្សេងទៀតពីអាល់ហ្សេរី អាសែបៃហ្សង់ អេហ្ស៊ីប កេនយ៉ា ប៉ាគីស្ថាន និងស៊ីរី។







