ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្មករ កម្មការនី នៅទូទាំងស្រុកព្រៃកប្បាស។ ឯកឧត្តម អភិបាល ខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ប្រឹងប្រែងប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយ:ការ ស្វែងរកវ៉ាក់សាំងមកពីបណ្តាប្រទេសនានា ក្នុងការយកមកចាក់ជូនប្រជាពលរដ្ឋ បានជាបន្តបន្ទាប់ដោយឥតគិតថ្លៃ។
ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជម្រាបជូនផងដែរថា នៅពេលខាងមុខឆាប់ៗនេះ វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ សម្រាប់ចាក់ជូនកុមារ និងមកដល់ខេត្តតាកែវ ដូច្នេះសូមមាតាបិតា និងអ្នកអាណាព្យាបាល កុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានមក ទទួលការចាក់វ៉ាក់សាំងនៅពេលនេះ សូមចូលរួមអនុវត្តរក្សាគម្លាត សណ្តា ប់ធ្នាប់ សូមកុំប្រជៀត និង ដណ្តើមគ្នា គឺត្រូវតែបន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់។
សូមជម្រាបជូនដែរថា រដ្ឋបាលស្រុកព្រៃកប្បាស បានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង មានចំនួន ០៩កន្លែង៖
១-មន្ទីរពេទ្យបង្អែកព្រៃកប្បាស
២-វត្តកំពែង
៣-មណ្ឌលសុខភាព វ៉ា ជាង
៤-សាលាបឋម សិក្សាភ្ញីមាស
៥-អនុវិទ្យាល័យ ពាមមង្គលបុរី
៦-វិទ្យាល័យ អង្គអណ្ដែត
៧-មណ្ឌលសុខភាព ក្រាំងស្លា
៨-មណ្ឌលសុខភាព ពោធិ៍រំចាក
៩-សាលាបឋមសិក្សា ឬស្សីថ្មី ចាប់ពីម៉ោង ០៧:៣០នាទី រហូតដល់ ម៉ោង៤ល្ងាច ដោយបងប្អូនភ្ជាប់មកជាមួយអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន សំបុត្រកំណើត សៀវភៅគ្រួសារ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ៕






