លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានដឹកនាំកម្លាំងចំនួន១០៣នាក់ សហការជាមួយអាជ្ញាធរខេត្ត ចុះជួយរៀបចំ ដឹកជញ្ជូនឥវ៉ាន់ របស់អាជីវករចេញពីផ្សារធំ បាត់ដំបង ក្រោយពីអគ្គីភ័យឆាបឆេះកាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កន្លង ទៅ ដើម្បីយកទៅរក្សាទុកនៅទីតាំងសុវត្ថិភាព និងតាមលំនៅដ្ឋានរបស់ពួកគាត់រៀងៗខ្លួន កាលពីថ្ងៃទី៣១ ខែ សីហា ឆ្នាំ២០២០។
សូមបញ្ជាក់ថា ក្រោយការសង្គ្រោះ ក្រុមការងារបានចុះពិនិ ត្យវាយតម្លៃផលប៉ះពាល់ជាក់ស្តែងដែលក្នុងនោះ មានការខូចខាតសរុប៧៣តូប រួមមាន ឆេះ ទាំងស្រុងសរុប៣៣, តូបលក់ចាបហួយ ចំនួន១៦តូប, តូបលក់ខោ-អាវ ចំនួន ឆ១៣តូប, តូបលក់ចាន-ឆ្នាំង ចំនួន៤តូប។
ដោយឡែក តូបដែលរងផលប៉ះពាល់ដោយការបាញ់ទឹកពន្លត់សរុប ៤០តូប។ ក្នុងប្រតិបត្តិការជួយសង្គ្រោះនាពេលនោះដែរ ក្រុមការងារជំនាញបានប្រើប្រាស់ឡានទឹកសរុប៣០ឡាន។
គួររំលឹកជូនថា កាលពីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ កន្លងទៅ មានការឆ្លងចរន្តអគ្គីសនី បានធ្វើឱ្យអគ្គីភ័យឆាប ឆេះផ្សារធំខេត្តបាត់ដំបង ដែលជាសំណង់ប្រវត្តិសាស្ត្រមួយ ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគមបារាំង មកម្ល៉េះក្នុងរជ្ជកាលហ្លួង ស៊ីសុវត្ថិ មុនីវង្ស ក្នុងឆ្នាំ១៩៣៧។
ក្រោយការឆាបឆេះ ក៏មានការជួយអន្តរាគមន៍ពន្លត់ភ្លាមៗ ដោយកម្លាំងយោធភូមិភាគទី៥ តំបន់ប្រតិបត្តិការសឹងរងបាត់ដំបង វរការពារអាកាស វរស៊ើបការណ៍ ដោយសហការជាមួយអាជ្ញាធរ និងកម្លាំងចម្រុះនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងផងដែរ៕






