កំណាត់ផ្លូវជាតិលេខ៥បានឈានដល់ការងារចាក់អ៊ុតស៊ូ២ ស្រទាប់ កម្រាស់ ៩សង់ទីម៉ែត្រ ចាប់ពីផ្លូវភ្លោះមុខរោងចក្រ SKD ដល់មុខយឿត្រីត្រង់គីឡូម៉ែត្រលេខ៩ក្នុងខណ្ឌប្ញស្សីកែវគ្រោងបញ្ចប់នៅចុងខែមីនានេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងកាលពីសៀលថ្ងៃទី១៥ មីនា ឆ្នាំ ២០២១នេះថា គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងកន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការជួសជុលឡើងវិញជាមួយនិងការពង្រីកទទឹងផ្លូវជាតិនេះផងដែរ ដែលគិតមកដល់ ពេលនេះ ឈានដល់ការងារអ៊ុតកៅស៊ូហើយ ក្រោយពីបានធ្វើគ្រឹះនិងជួសជុលសំបុកមាន់រួចរាល់ ហើយការងារនេះគ្រោងនឹងបញ្ចប់១០០ភាគរយនៅថ្ងៃទី២៥ មិនាខាងមុខ នេះ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ បើទោះបីស្ថិតក្នុងដំណាក់កាលការ រីករាល ដាលជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក្តី តែរដ្ឋបាលរាជធានីភ្នំពេញដៃម្ខាងនៅតែធ្វើការអភិវឌ្ឍ ហើយដៃម្ខាងទៀតប្រឹងប្រែងទាំងយប់ទាំងថ្ងៃ ក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ជាក់សម្រាប់ពេលនេះស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈមនិងការរីករាលដាលជម្ងឺកូវីដ-១៩ តែក្រុមការងារនៅតែធ្វើការជួសជុលនិងការ ពង្រីកទទឹងផ្លូវជាតិលេខ៥ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក ដោយចាប់ផ្តើមពីរោងចក្រSKD ដល់មុខយឿត្រី គីឡូម៉ែត្រលេខ៩ ។
មន្ត្រីដដែរបញ្ជាក់ទៀតថា ចំពោះការងារដែលត្រូវអនុវត្តនោះរួមមាន ក្រុមការងារជួសជុលគ្រឹះនឹងអ៊ុតកៅស៊ូកំរាស់៥ស ង់ទីម៉ែត្រ ប្រវែង២៧៦៥ម៉ែត្រទទឹងចន្លោះពី១០ម៉ែត្រទៅ១៣ ម៉ែត្រ។ការងារពង្រីកចិញ្ជើម ២ម៉ែត្រកន្លះសងខាង នឹងអ៊ុតកៅស៊ូកំរាស់ ៩សង់ទីម៉ែត្រ ប្រវែង ១០៨៥ម៉ែត្រទទឺង៥ ម៉ែត្រ ដោយចាប់ផ្ដើមអ៊ុតកាលពីថ្ងៃទី១០មិនា ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៥ មិនាខាងមុខនេះ។
តាមមន្ត្រីសាលាខណ្ឌឬស្សីកែវឲ្យដឹងដែរថា ទីតាំងដែលកំពុងជួសជុលនេះតែងទទួលរងការដក់ទឹកភ្លៀង ជាប្រចាំទើប កាលពីពេលថ្មីៗនេះអាជ្ញាធរខណ្ឌបានបើកមុខទឹកមួយកន្លែង ដើម្បីនាំទឹកភ្លៀងដែលដក់លើផ្លូវនេះហូរទៅទន្លេ តាមប្រពន្ធ័លូមុខកាត់១ ម៉ែត្រកន្លះប្រវែង២៥០ម៉ែត្រ។
ចំពោះការងារជួសជុលកែលម្អរផ្លូវនេះនឹងបន្តធ្វើនៅគ្រប់ ទីតាំងឬផ្លូវដែលមានការខូចខាតក្រោយជំនន់ទឹកភ្លៀង ដែលរដ្ឋបាលរាជធានីភ្នំពេញគ្រោង នឹងធ្វើការជួសជុល កែលម្អរ សរុប២៩ខ្សែក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ ៕
ដោយ៖សំអាត






