ក្រុមហ៊ុន Volkswagen Group China ថ្មីៗនេះបានប្រកាសថា ខ្លួននឹងវិនិយោគ ប្រហែល២.៦៧ពាន់លានដុល្លារអាមេរិក ក្នុងការពង្រីកមជ្ឈមណ្ឌលច្នៃប្រឌិតរបស់ខ្លួននៅទីក្រុងហេហ្វៃ រដ្ឋធានីនៃខេត្តអានហ៊ុយ ភាគខាងកើតប្រទេសចិន ដើម្បីបង្កើនល្បឿនរបស់ខ្លួន។ ការវិនិយោគនេះក៏នឹងត្រូវបានប្រើ ដើម្បីពន្លឿនការផលិតរថយន្តអគ្គិសនីឆ្លាតវៃពីរម៉ាក Volkswagen ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុនផលិតរថយន្តចិន XPENG។ ការផ្លាស់ប្តូរនេះគឺជាការវិនិយោគដ៏សំខាន់មួយទៀតដោយក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ ដែលក្នុងរយៈពេល ៤ទសវត្សរ៍កន្លងមកនេះ បានបង្កើតរោងចក្រចំនួន៣៩នៅក្នុងប្រទេសចិន និងផ្តល់ការងារដល់បុគ្គលជាង ៩០,០០០ នាក់។
យោងតាមវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ចការវិនិយោគផ្ទាល់ពីអាល្លឺម៉ង់ទៅកាន់ប្រទេសចិនបានឈានដល់ កម្រិតខ្ពស់បំផុត១១.៩ ពាន់លានអឺរ៉ូក្នុងឆ្នាំ២០២៣ កើនឡើង ៤.៣ ភាគរយបើធៀបនឹងឆ្នាំមុន។ តម្លៃនេះស្មើនឹង ជាង១០ភាគ រយនៃការវិនិយោគក្រៅប្រទេសសរុបរបស់ប្រទេសអាល្លឺម៉ង់ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៤។ ខណៈពេលដែលក្រុមហ៊ុនអាល្លឺម៉ង់ពង្រីកការវិនិយោគរបស់ពួកគេនៅក្នុងប្រទេសចិន សហគ្រាសចិនមួយចំនួន ដែលកំពុងកើនឡើងកំពុងចាប់យកឱកាសថ្មីៗនៅក្នុងប្រទេសអាឡឺម៉ង់ ដោយការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា និងទេពកោសល្យជាមួយដៃគូក្នុងស្រុក៕ ប្រែសម្រួលដោយម៉ុក ម៉ានិច






