រយៈពេល ១៥ថ្ងៃក្នុងអំឡុងពិធីកាន់បិណ្ឌ រហូតដល់ថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងកម្ពុជាបានកើតមានឡើងចំនួន ១៦៥ករណី បណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៧៤នាក់ និងរងរបួសធន់ ស្រាល ២៧៤នាក់។ នេះបើយោងតាមរបាយការណ៍ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។
ដោយឡែក ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំធំ គឺពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២០ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៣៩លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៦នាក់ និងអ្នករងរបួសចំនួន៧៨នាក់ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩ ទាំងអ្នកស្លាប់
និងអ្នករងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺមានការថយចុះក្នុងនោះ មានការថយចុះចំនួន ១៣លើកស្មើ ២៥ភាគរយ ចំនួនអ្នកស្លាប់ថយចុះ ១០នាក់ស្មើ ៣៨ភាគរយ និងអ្នករងរបួសថយចុះចំនួន ២នាក់ស្មើ ៣ភាគរយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា ស្ថានភាពចរាចរណ៍នៅឆ្នាំនេះល្អជាងរាល់ឆ្នាំ។ ជាមួយគ្នានេះ សមត្ថកិច្ចទទួលបានជោគជ័យក្នុងការធានាសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរយៈពេល ១៦ថ្ងៃកន្លងមកនេះ។
ឯកឧត្តមបន្ថែមថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង គឺបណ្តាលមកពីល្បឿន បើកបរមិនគោរពសិទ្ធិមិនប្រកាន់ស្តាំ បើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងបត់មិនប្រយ័ត្នជាដើម។
រាជធានី-ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់ច្រើន មាននៅរាជធានីភ្នំពេញ កំពង់ធំ កណ្តាល ពោធិ៍សាត់ និងខេត្តតាកែវ។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល ៣ ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំ ២០១៩ បានកើតឡើងចំនួន ៥២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ២៦នាក់ និងរបួសមុនស្រាចំនួន ៨០នាក់៕
sam ang