(ខេត្តពោធិ៍សាត់,ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១)៖ ការ៉ាស់ជួសជុល រថយន្ត១ខ្នង ត្រូវបានខ្យល់កន្ត្រាក់បណ្តាលឱ្យដួលរលំទាំងស្រុង និងខូចខាតសម្ភារៈមួយចំនួនធំ តែសំណាងមិនបណ្តាលឱ្យរងគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៥ និង២៥នាទីល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
អាជ្ញាធរបានឱ្យដឹងថា នាវេលាម៉ោងកើតហេតុ មានករណីគ្រោះធម្មជាតិ (ខ្យល់កន្ត្រាក់) បណ្តាលឱ្យដួលរលំការ៉ាស់ជួសជុលរថយន្ត ១ខ្នង ទំហំ១១មx ៣៣ម កម្ពស់ ៩ម ធ្វើអំពីដែក ប្រក់ស័ង្កសី ខូចខាតទាំងស្រុង។
ជាមួយគ្នានោះជញ្ជាំងរោងជួសជុលរថយន្ត ក៏បានធ្លាក់សង្កត់ផ្ទះ១ខ្នង ទំហំ ៥ម x ៨ម ធ្វើអំពីឈើ ជញ្ជាំងក្តារ ដំបូលស័ង្កសី សង់ផ្ទាល់ដី នៅពីខាងកើតរោង របស់ឈ្មោះ ងិន ចាន់នីសា ភេទស្រី អាយុ២៥ឆ្នាំ បណ្តាលឱ្យខូចខាតសម្ភារៈមួយចំនួនទៀតផងដែរ។
សេចក្តីរាយការណ៍បន្តថា ម្ចាស់ការ៉ាស់ជួសជុលរថយន្តនោះ មានឈ្មោះ ឡេង សុខចាន់ ភេទប្រុស អាយុ៤៨ឆ្នាំ និងប្រពន្ធឈ្មោះ បាន សុផល អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
ជុំវិញករណីនេះ សមត្ថកិច្ចពុំទាន់ដាក់ការសន្និដ្ឋានបានថា បណ្តាលមកពីការសាងសង់រោងខុសបច្ចេកទេស ទើបខ្យល់កន្ត្រាក់ដួលរលំយ៉ាងណានៅឡើយ។
ចំពោះសម្ភារៈនៅក្នុងរោងការ៉ាស់ និងការខូចខាតផ្សេងទៀត សមត្ថកិច្ចក៏ពុំទាន់ក្ដាប់បាននៅឡើយដែរ រង់ចាំរបាយការណ៍លំអិតនាពេលក្រោយ។
ករណី នេះ ពុំបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕
ដោយ៖រំដួល(កែសម្រួលដោយ មណ្ឌល កែវ)






