ជនជាតិចិនចំនួន ១៧៤នាក់ ក្នុងនោះស្រីចំនួន៣៧នាក់ ដែលត្រូវបានសមត្ថកិច្ចចម្រុះក្រុងបាវិតឃាត់ទុក និងរៀបចំឲ្យនៅដោយឡែក កាលពីយប់ថ្ងៃទី២៤ ខែមីនា ម្សិលមិញនេះ មិនទាន់រកឃើញរោគសញ្ញានៃការឆ្លងវីរុសកូវីដ១៩ ទេ។
នេះបើតាមបញ្ជាក់របស់លោក លឹម សៀងហេង អភិបាលក្រុងបាវិត នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ។
លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានប្រាប់ថា នៅយប់ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០ ជនជាតិទាំងនោះ បានធ្វើដំណើរតាមរថយន្តក្រុង ពីភ្នំពេញ ទៅចុះនៅចំណុចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិត កាលពីវេលាម៉ោង ៧និង១០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅក្រុងបាវិត ខេត្តស្វាយរៀង ហើយត្រូវបានសមត្ថកិច្ចឃាត់ទុក។
លោកថា រហូតដល់ម៉ោង ១៧ល្ងាចថ្ងៃទី២៥ ខែមីនា នេះ នៅមិនទាន់សម្រេចថា យកជនជាតិចិនទាំងនោះទៅដាក់នៅកន្លែងណានៅឡើយទេ គឺឲ្យពួកគាត់នៅដាច់ដោយឡែកសិន កំពុងរង់ចាំលទ្ធផលរបស់ក្រុមចត្តាឡីស័ក៕






