កំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀតត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅ សង្គ្រោះជីវិតនៅមន្ទីរពេទ្យភ្លាមៗផងដែល ខណៈដែលមនុស្សទាំង០២នាក់ខាងលើបានតខ្សែរភ្លើងដើម្បីឆក់ត្រី ហើយភ្លាត់ស្នៀតឆ្លងចរន្តភ្លើងបណ្តាលអោយឆក់ស្លាប់និងរងគ្រោះតែម្តង កាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០១៨ នៅក្នុងត្រពាំង ក្បែរផ្ទះចម្ងាយ៣០ម៉ែត្រក្នុងភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកសំរោងទងបាននិយាយអោយដឹងថា កាលពីវេលាទៀបភ្លឺមានការភ្ញាក់ផ្អើលដោយ សារតែមានឈ្មោះ ឌួង វណ្ណី ភេទប្រុស អាយុ៣៤ឆ្នាំ ជាជាងដែក និងឈ្មោះ គង់ ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ កូនជាង រស់នៅភូមិព្រៃផ្ដៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកពង់ស្ពឺ។
ប្រភពបានបន្តអោយដឹងទៀតថា ពេលនោះក្រុមជនរងគ្រោះបានតខ្សែភ្លើងពីផ្ទះចម្ងាយប្រហែល ៣០ម៉ែត្រ ដើម្បីឆក់ត្រី នៅក្នុងត្រពាំងខាងជើងភូមិដើម្បីបានត្រីយកមកហូប។ប្រភពបានបន្ថែមទៀតថាពេលកំពុងតែឆក់បានត្រីខ្លះៗ ខាងលើ រួចហើយ ស្រាប់តែមួយសន្ទុះក្រោយមកមិនដឹងថាមានរឿងអ្វីកើតឡើង (សង្ស័យឆ្លងចរន្តភ្លើង) បណ្ដាលអោយឆក់ឈ្មោះ ឌួង វណ្ណី ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ចំណែកឈ្មោះ គង់ ប៊ុនធឿន រងរបួសបញ្ជូនយកទៅព្យាបាលនៅ មន្ទីរពេទ្យភ្លាមៗផងដែរ ដោយសាច់ញាតិដឹកបញ្ជូនតាមម៉ូតូ ។
បន្ទាប់ពីកើតហេតុភ្លាមៗ សាច់ញាតិបានរាយការណ៍ទៅនគរបាលមូលដ្ឋានចុះទៅពិនិត្យសព ពិតជាបានឆក់ខ្សែរភ្លើង ស្លាប់មែន។ ចំពោះសាកសពជនរងគ្រោះខាងលើ ក្រុមគ្រួសារទទួលស្គាល់ថាពិតជាបានឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន នគរបាលប្រគល់អោយយកទៅធ្វើបុណ្យតាមប្រពៃណី៕ អ៊ុ ណូន









